ព័ត៌មានសេដ្ឋកិច្ច

អុំទូក ៣ថ្ងៃ នៅភ្នំពេញ ទទួលភ្ញៀវទេសចរជាង ៣លាននាក់

ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ ២០១៧ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៣លាននាក់ បានចូលមកកម្សាន្តនៅ រាជធានីភ្នំពេញ ក្នុងនោះ មានភ្ញៀវអន្តរជាតិ រហូតជាង ៣ម៉ឺននាក់។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក គឺមានភ្ញៀវទេសចរជាង ៧សែននាក់ ហើយថ្ងៃទី ២ មានជាង ៩សែននាក់ និងថ្ងៃទី ៣ មានរហូតដល់ជាង ១.២លាននាក់។

កត្តាកើនឡើងនៃភ្ញៀវទេសចរ នៅថ្ងៃទី ៣ គឺដោយសារតែប្រជាពលរដ្ឋមួយចំនួនធំ ដែលបានចេញទៅលេងកម្សាន្តនៅបណ្តាខេត្ត ត្រលប់មកកម្សាន្តនៅក្នុងភ្នំពេញវិញ។

លោកបន្តថា ការទទួលបានភ្ញៀវទេសចរដ៏ច្រើននេះ គឺដោយសារ រាជរដ្ឋាភិបាល បានរៀបចំព្រះរាជពិធីបុណ្យបានល្អ ដូចជា ការសម្រួលចរាចរណ៍ មានភាពងាយស្រួលក្នុងការធ្វើដំណើរ រៀបចំកម្លាំងសន្តិសុខចំាការពារសុវត្ថិភាព ដែលធ្វើឲ្យភ្ញៀវ មិនព្រួយបារម្ភបញ្ហាគ្រោះថ្នាក់។

ជាចុងក្រោយ លោក ថោង ខុន បញ្ជាក់ថា ភ្នំពេញ កាន់តែមានការអភិវឌ្ឍន៍ទាំង ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារសាធារណៈ ភ្លើងចម្រុះពណ៌នាពេលរាត្រី ជាទីទាក់ទាញរបស់ភ្ញៀវទេសចរ ហើយក្រសួងទេសចរណ៍ និងបន្តផ្សព្វផ្សាយផលិតផលទេសចរ និងគោលដៅទេសចរសំខាន់ៗរបស់កម្ពុជា បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកម្ពុជាកាន់តែច្រើន៕

មតិយោបល់