ព័ត៌មានសេដ្ឋកិច្ច

ស្ពានអាកាសថ្មើរជើង ២កន្លែង នឹងលេចរូបរាងជាលើកដំបូង នៅខេត្តកំពង់ស្ពឺ

ស្ពានអាកាសថ្មើរជើង ២កន្លែង នឹងត្រូវអភិវឌ្ឍន៍ជាលើកដំបូងនៅ ខេត្តកំពង់ស្ពឺ ព្រមទាំងមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីជម្រុញសក្តានុពលខេត្តកំពង់ស្ពឺ ឲ្យកាន់តែខ្លាំងក្លា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញផ្សាយនៅថ្ងៃនេះ។

ក្នុងនោះដែរ គម្រោងសំខាន់ៗរួមមាន គម្រោងពុះទ្រូងផ្លូវជាតិលេខ ៤ ប្រវែង ៤គីឡូម៉ែត្រ គម្រោងសាងសង់ស្ពានអាកាសថ្មើរជើង ២កន្លែង គម្រោងដាក់ភ្លើងស្តុបចរាចរណ៍ គម្រោងសាងសង់ស្ពានថ្មី ១កន្លែង និងគម្រោងរថយន្តក្រុងទំនើប។

សេវាឡានក្រុងសាធារណៈ នឹងពង្រីកទៅដល់ខេត្តកំពង់ស្ពឺ គ្រោងនឹងដាក់ដំណើរការសាកល្បង នៅខែ ឧសភា ខាងមុខនេះ ដោយមានរថយន្តក្រុងចំនួន ២០គ្រឿង រត់នៅតាមបណ្តោយផ្លូវជាតិលេខ ៤។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន Brickston Cambodia ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការបម្រើ សេវាដឹកជញ្ជូនរថយន្តក្រុង ដែលមានកាលវិភាគទៀងទាត់ និងជាលើកដំបូងបង្អស់។

គម្រោងបន្ថែមខ្សែរថយន្តក្រុងសាធារណៈ ទៅកាន់ខេត្តកំពង់ស្ពឺនេះ នឹងតភ្ជាប់ជាមួយខ្សែរថយន្តក្រុង របស់សាលារាជធានីភ្នំពេញ ដែលអាចជួយសន្សំសំចៃ ដល់ចំណាយលើការដឹកជញ្ជូន របស់ប្រជាពលរដ្ឋបានកាន់តែច្រើន។

គួរជម្រាបដែរថា ខេត្តកំពង់ស្ពឺ ជាខេត្តដ៏មានសក្តានុពល ដែលមានរោងចក្រកាត់ដេរប្រមាណ ១១៩រោងចក្រ កំពុងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់ និងមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដូចជា ឧទ្យានជាតិគីរីរម្យ តំបន់ទឹកធ្លាក់ជ្រាវ មណ្ឌលកំសាន្តអំពែភ្នំ៕

មតិយោបល់