ធនាគារវឌ្ឍនៈ ចាប់ផ្តើមដាក់ឲ្យដំណើរការទទួលប្រាក់ពន្ធ-អាករគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ធនាគារវឌ្ឍនៈ បានចុះអនុស្សរណយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ ដើម្បីប្រតិបត្តិការចំណូលគ្រប់ប្រភេទ ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការចុះអនុស្សរណយោគយល់គ្នានេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលចំណូល និងផ្តល់ងាយស្រួលនិងជម្រើសច្រើនដល់អ្នកជាប់ពន្ធ ក្នុងការបង់ចំណូលពន្ធដារ ពន្ធគយ តាមរយៈប្រព័ន្ធធនាគារ។
លោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ការចុះហត្ថលេខានេះ បង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យកាន់តែមានគុណភាព គួរឲ្យទុកចិត្ត ងាយស្រួល និងស្របតាមសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
ជាចុងក្រោយ លោក ជូ គឹមឡេង បង្ហាញក្តីជឿជាក់ថា ការផ្តល់សេវារបស់ធនាគារវឌ្ឍនៈ នឹងទទួលបានលទ្ធផលល្អប្រសើរ ផ្តល់ភាពងាយស្រួល រហ័ស គួរជាទីពេញចិត្តសម្រាប់អ្នកជាប់ពន្ធ និងរួមចំណែកលើកកម្ពស់និងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលសារពើពន្ធរបស់រដ្ឋ៕
មតិយោបល់