បន្ទាយមានជ័យៈ រថយន្ត២គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលចង្កូតទៅប៉ះគ្នា បណ្តាលឲ្យរថយន្តបង្ក ជ្រុលចង្កូតធ្លាក់ពីលើទ្រូងផ្លូវ បន្តទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៥នាក់ទៀតរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទី រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិសូរិយាថ្មី ឃុំកូប
ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាកកាមរី ផលិតឆ្នាំ១៩៨៩ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ង7881ភ.ព2 បើកបរដោយឈ្មោះ ជា សោភា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិគគ្រួស ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីកើតទៅលិច ខណៈនោះក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកកាមរី ផលិតឆ្នាំ១៩៨៩ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2G-0320 (អ្នកបើកបរមិនស្គាល់ឈ្មោះ) ធ្វើដំណើរពីកើតទៅលិចស្របទិសគ្នា លុះបានមកដល់កន្លែងកើតហេតុ រថយន្តកាមរីពណ៌ប្រផេះ បានឡើងជែង ជ្រុលទៅប៉ះនឹងរថយន្តកាមរីពណ៌ស បណ្តាលឲ្យរថយន្តកាមរីពណ៌ប្រផេះដែលជារថយន្តបង្ក ធ្លាក់ពីលើទ្រូងផ្លូវ ទៅបុកនឹងបង្គោលភ្លើង បណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្តកាមរីពណ៌ប្រផេះ ៤នាក់រងរបួស។
ក្នុងនោះ ជនរងគ្រោះទី១ មានឈ្មោះ សៅ មន ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងរបួសស្រាល ។ទី២ឈ្មោះ ផាត សុវណ្ណ ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ស្លាប់នៅមន្ទីរពេទ្យមង្គលបុរី ។ទី៣ឈ្មោះ ហង្ស ធា ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ ។ទី៤មានឈ្មោះ សៅ សែ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិយាង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្តទាំង២គ្រឿង ពុំមានរងរបួសអ្វីនោះឡើយ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានដឹកនាំកម្លាំងចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តទាំង២គ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ តាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់