ព័ត៌មានសេដ្ឋកិច្ច

ធនាគារជាតិកម្ពុជា បញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សបឋមសិក្សា ឲ្យចេះគ្រប់គ្រងលុយ

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមយុទ្ធនាការបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សថ្នាក់បឋមសិក្សាឡើងទៅ ក្នុងគោលបំណងបង្រៀនពួកគេ ឲ្យចេះគ្រប់គ្រងលុយ ចាប់ពីវ័យក្មេងតទៅ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ធនគារកណ្តាល ក៏កំពុងធ្វើការជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាថ្មី អំពីផ្នែកហិរញ្ញវត្ថុ ដែលនឹងដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាអប់រំទូទៅ ចាប់ពីឆ្នាំសិក្សា ២០១៧។

លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វាពិតជាសំខាន់ណាស់ ដែលត្រូវអប់រំប្រជាជនអំពី កម្ចី និងការសន្សំប្រាក់នៅវ័យសិក្សាដំបូង មិនអាចរង់ចាំដល់ពួកគេពេញវ័យនោះទេ ព្រោះវាពិបាកក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ។

ធនាគារ ក៏បានចែកចាយសៀវភៅ «តោះ!និយាយពីលុយ» ចំនួន ១០ម៉ឺនក្បាល ដល់សាលាបឋមសិក្សាទូទាំងប្រទេស មុននឹងដាក់បញ្ចូលមេរៀននេះ ទៅក្នុងចំណេះដឹងទូទៅដែលកំពុងសិក្សា តែយ៉ាងណាមិញ ការបោះពុម្ភចែកចាយសៀវភៅនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

គួរជម្រាបដែរថា យុទ្ធនាការនេះ មានគោលបំណងផ្លាស់ប្តូរឥរិយាបថរបស់ ប្រជាជនកម្ពុជា ឲ្យចេះប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព និងចេះរៀបចំលុយ សម្រាប់អនាគត៕

មតិយោបល់