ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បាននិងកំពុងសិក្សា លទ្ធភាពអនុវត្តគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ពីភ្នំពេញទៅព្រលានយន្តហោះ។ នេះបើយោងតាមគេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយកាលពីម្សិលមិញនេះ។
បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៣គីឡូម៉ែត្រ និងចំណាយប្រមាណ ៦០០លានដុល្លារអាមេរិក។
ប្រទេសជប៉ុន ក៏កំពុងតែពិនិត្យលើ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរួមមាន ការស្តារស្ពានជ្រោយចង្វារឡើងវិញ ការពង្រីកផ្លូវជាតិលេខ៥ ទៅជា ៤គន្លង និងការសាងសង់កំពង់ផែកុងតឺន័រថ្មី ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Harry H. Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
កាលពីខែមិថុនា ឆ្នាំ ២០១៦កន្លងទៅនេះ លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយលោក Hideki Miyauchi អនុរដ្ឋមន្រ្តីដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ស្តីអំពីគម្រោងដំណើរការប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិឬគ្មានមនុស្សបើកនេះ ហើយក៏ទទួលបានការឆ្លើយតបជាវិជ្ជមានផងដែរ។
នៅពេលដែលគម្រោងនេះ សម្រេចបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាការលើកស្ទួយដល់សេវាដឹកជញ្ជូន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕
មតិយោបល់