ព័ត៌មានសេដ្ឋកិច្ច

សន សៀប៖ ចង់ទិញផ្ទះបង់រំលស់ គួរគិតលើអ្វីខ្លះដើម្បីកាត់បន្ថយហានិភ័យ?

បច្ចុប្បន្ន ការប្រើប្រាស់សេវាកម្មទិញផ្ទះបង់រំលស់ ហាក់កំពុងមានប្រជាប្រិយភាព នៅលើទីផ្សារ យ៉ាងច្រើន ពិសេសការប្រើប្រាស់សេវាបង់រំលស់ នៅលើទីផ្សារអចលនទ្រព្យ។

តាមរយៈកិច្ចសម្ភាសន៍រវាង Post Real Estate ជាមួយលោក សន សៀប អគ្គនាយកក្រុមហ៊ុន KEY REAL ESTATE បានមានមតិយោបល់ ចំពោះការប្រើប្រាស់សេវាកម្មបង់រំលស់នេះថា «ទីផ្សារបង់រំលស់ គឺជាការបន្ថែមទៅលើទីផ្សារ ដោយហេតុយើងឃើញថា អចលនទ្រព្យគឺមានតម្លៃខ្ពស់ ហេតុនេះការជ្រើសរើសសេវាបង់រំលស់ និងផ្តល់លទ្ធភាពដល់អតិថិជន កាន់តែច្រើនក្នុងការទិញអចលនទ្រព្យ។ ម្យ៉ាងទៀតយើងសង្កេតឃើញមាន គម្រោងធំៗមួយចំនួនបានប្រើប្រាស់ សេវាបង់រំលស់ដោយខ្លួនឯង និងគម្រោងដទៃផ្សេងទៀត ធ្វើការបង់រំលស់ជាមួយធនាគារក្នុងកម្រិតអត្រាការប្រាក់ណាមួយ។»

លោកបានបន្ថែមទៀតថា ចំពោះលទ្ធភាពក្នុងការប្រើប្រាស់សេវាទិញផ្ទះបង់រំលស់ គឺត្រូវបានវិភាគទៅលើ លទ្ធភាពជាក់ស្តែងរបស់អតិថិជន។ ជាទូទៅយើងសង្កេតឃើញថា ភាគច្រើននៃការទិញផ្ទះបង់រំលស់គឺឋិតនៅចន្លោះពី ៥០,០០០ ទៅ ១០០,០០០ដុល្លារអាមេរិក ហើយលទ្ធភាពក្នុងការបង់រំលស់គឺនៅចន្លោះពី ៥០០ ទៅ ៦០០ដុល្លារអាមេរិកក្នុងមួយខែ​។

ដូច្នេះចំពោះអតិថិជន ឬប្តីប្រពន្ធចង់ទិញផ្ទះ គួរមានចំណូលពីរនាក់ប្តីប្រពន្ធ ចាប់ពី ១,០០០ដុល្លារអាមេរិកឡើង ហើយថវិកាដែលនៅសល់មួយចំណែក គឺយើងទុកប្រើប្រាស់សម្រាប់ចាយវាយប្រចាំថ្ងៃ ចូលរួមកម្មវិធីផ្សេង ឬសម្រាប់ពេលឈឺថ្កាត់ជាដើម។

ជាចុងក្រោយ លោកបានមានមតិបន្ថែមថា ចំពោះអតិថិជនពួកគាត់គួរពិចារណាឲ្យបានល្អិតល្អន់ ជៀស វាងកុំធ្វើឲ្យខ្លួនឯងតឹង ប្រសិនបើមានបញ្ហាក្នុងកាលៈទេសៈណាមួយ ពួកគាត់អាចនឹងត្រូវបង់ខាតពីព្រោះផ្ទះនោះ មិនទាន់ជាកម្មសិទ្ធិរបស់យើងនៅឡើយនោះទេ៕

មតិយោបល់