ព័ត៌មានសេដ្ឋកិច្ច

វៀតណាមចំណាយរាប់លានដុល្លារនាំចូលផ្លែឈើពីបរទេស ដោយសារក្នុងស្រុកប្រើគីមីហួសកម្រិត

ត្រឹម ២ខែ ឆ្នាំ ២០១៧នេះ ប្រទេសវៀតណាម បានចំណាយប្រមាណ ១៦៤លានដុល្លារអាមេរិក ក្នុងការនាំចូល ផ្លែឈើ និងបន្លែពីបរទេស ដែលភាគច្រើនមកពី ប្រទេសថៃ និងចិន ដែលនេះបណ្តាលមកពី ការបាត់បង់ទំនុកចិត្តលើ ផលិតផលក្នុងស្រុក ដែលប្រើគីមីហួសកម្រិត។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីពេលថ្មីៗនេះនេះ។

ប្រទេសវៀតណាម ធ្លាប់តែជាប្រទេសនាំចេញផ្លែឈើច្រើន តែបានចំណាយ ១៦៤លានដុល្លារអាមេរិក ក្នុងរយៈពេល ២ខែ ដើម្បីនាំចូលផ្លែឈើ ដែលកើនឡើងប្រមាណ ៥៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

វៀតណាម ចំណាយ ៨២លានដុល្លារអាមេរិក នាំចូលបន្លែ ផ្លែឈើពី ប្រទេសថៃ ក្នុងខែមករា និងកុម្ភៈ ហើយក៏បាននំាចូលពីចិន មីយ៉ាន់ម៉ា និងអាមេរិក។

លោក Nguyen Tien Hung ប្រធានក្រុមហ៊ុន BigGreen នៅវៀតណាម បានលើកឡើងថា ក្រុមហ៊ុនល្អៗជាច្រើន កំពុងរកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារបាត់បង់ទំនុកចិត្តពីអតិថិជន បណ្តាលមកពី ការប្រើប្រាស់សារធាតុគីមីគ្មានស្តង់ដា មិនចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ ខាតបង់ទាំងតម្លៃ ខាតទាំងគុណភាព។

លោក Thu Duc អ្នកបោះដុំផ្លែឈើដ៏ធំ នៅទីក្រុងហូជីមិញ បានលើកឡើងដែរថា គាត់សុខចិត្តចំណាយលើផ្លែឈើនាំចូល ទោះបីជាវាថ្លៃ ព្រោះផ្លែឈើមកពីបរទេស ឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ និងមិនចាំបាច់ភ័យខ្លាចពីសុវត្ថិភាពនោះឡើយ។

បើទោះបីជា ផ្លែឈើនាំចូល មានតម្លៃថ្លៃ ក៏នៅតែលក់ដាច់ ដោយសារតែបញ្ហា សុវត្ថិភាពចំណីអាហារ នៅតែជាបញ្ហាចំបង ព្រោះមានករណីផ្លែឈើ ប្រើជាតិគីមីហួសកម្រិត និងខុសស្តង់ដារ ត្រូវបានរកឃើញជាច្រើនករណី៕

មតិយោបល់