ព័ត៌មានសេដ្ឋកិច្ច

សៀ ឫទ្ធី៖ ប្រជាពលរដ្ឋខ្មែរ ត្រូវប្រយ័ត្នរឿងទិញផ្ទះ ទិញដីថោកៗ លក់តាមហ្វេសប៊ុក

កាលពីពេលថ្មីៗនេះ លោក សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានឲ្យភ្នាក់ងារ Post Business ដឹងថា បញ្ហារឿងលក់ផ្ទះ លក់ដីថោកៗ នៅតាមបណ្តាញសង្គមហ្វេសប៊ុក គឺរឿងមួយ ដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។

លោកពន្យល់ថា ការទិញលក់ដី ផ្ទះថោកៗ ត្រឹម ១ម៉ឺន ២ម៉ឺនដុល្លារអាមេរិក មិនបាច់មានប្រាក់កក់ គ្មានការប្រាក់ អាចជា ការបោកប្រាស់ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ គឺប្រយ័ត្នគេប្រមូលលុយ រួចរត់បាត់ ព្រោះលុយ ១០០០ដុល្លារក្តី ២០០០ដុល្លារក្តី ឬ៥០០០ដុល្លារក្តី គឺសុទ្ធតែជា លុយញើសឈាមរបស់យើង។

លោក មិនលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋខ្មែរទៅទិញអចលនទ្រព្យទាំងនោះទេ ហើយមុននឹងសម្រេចចិត្តទិញ ត្រូវពិនិត្យមើល ក្រុមហ៊ុនអភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ ស្គាល់សាវតាឲ្យបានច្បាស់ ហើយបើសិនអ្នកលក់ គ្រាន់តែជា បុគ្គលមួយរូប គឺពុំគួរប្រថុយនោះទេ ព្រោះជាបុគ្គល ពន្ធក៏មិនបង់ ឈ្មោះក្រុមហ៊ុនក៏គ្មាន។

ម៉្យាងវិញទៀត ការទិញគម្រោងបែបនេះ ភាគច្រើនគឺ មិនមានការអភិវឌ្ឍន៍ច្បាស់លាស់ មិនដឹងថា កន្លែងណាត្រូវដាក់លូ កន្លែងណាត្រូវធ្វើផ្លូវ ហើយបើរដ្ឋ អភិវឌ្ឍន៍មកប៉ះចំគម្រោងនោះ គឺមានតែអ្នកទិញហើយ ដែលប៉ះពាល់ខ្លាំង គ្មានអ្នកណាជួយដោះស្រាយទេ។

ជាចុងក្រោយ លោកឧកញ៉ា សៀ ឫទ្ធី បានផ្តល់ជាយោបល់ថា ដើម្បីចៀសវាសចាញ់បោកគេ លោកអ្នកត្រូវសិក្សាឲ្យបានច្បាស់ ទៅតាមផ្លូវច្បាប់ ថាតើដី ឬផ្ទះនោះ មានប៉ះពាល់ជាមួយគម្រោងរដ្ឋទេ មានច្បាប់អនុញ្ញាតឲ្យលក់ឬអត់ និងសិក្សាពីសាវតាក្រុមហ៊ុនឲ្យបានច្បាស់លាស់៕

មតិយោបល់