ព័ត៌មានសេដ្ឋកិច្ច

មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល តម្លៃជាង ១០លានដុល្លារ សម្ពោធជាផ្លូវការនៅថ្ងៃនេះ

មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល តម្លៃជាង ១០លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចេញផ្សាយនៅថ្ងៃនេះ។

អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល មានកម្ពស់ ៤ជាន់ ដោយមានការិយាល័យគ្រប់គ្រង ការិយាល័យអប់រំ ការិយាល័យសេវាកម្ម និងតំបន់សាធារណៈផ្សេងៗផងដែរ។

មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល នឹងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើតឲ្យមាន មជ្ឈមណ្ឌលបណ្តុះបណ្តាល និងកម្មវិធីបង្កើនសមត្ថភាព ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ប្រសិទ្ធិភាព គុណភាព និងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក និងអន្តរជាតិ។

លើសពីនេះទៅទៀត មជ្ឈមណ្ឌល នឹងជួយធ្វើឲ្យប្រសើរឡើងទាំងបរិមាណ និងគុណភាពធនធានមនុស្សផ្នែកអាកាសចរស៊ីវិល ព្រមទាំងសមត្ថភាពស្ថាប័ន សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព នៃវិស័យអាកាសចរស៊ីវិលនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៦នេះ កម្ពុជាទទួលបានជំនួយ ២៣លានដុល្លារអាមេរិកពី KOICA ដែលធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដៃគូអភិវឌ្ឍន៍ទទួលជំនួយច្រើនជាងគេទី ២ របស់ KOICA៕

មតិយោបល់