ព័ត៌មានសេដ្ឋកិច្ច

ជីប ម៉ុង បោះទុន ៦០លានដុល្លារ បង្កើតរោងចក្រផលិតចំណីជ្រូក ២សែនតោនក្នុង១ឆ្នាំ

ក្រុមហ៊ុន ជីប ម៉ុង ហ្វីដ (Chip Mong Feed) នឹងបោះទុនវិនិយោគប្រមាណជា ៦០លានដុល្លារអាមេរិក លើបច្ចេកវិទ្យា និងគ្រឿងចក្រទំនើប ដើម្បីដំឡើងរោងចក្រផលិតចំណីជ្រូក។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ ជីប ម៉ុង គ្រុប ចេញផ្សាយនៅព្រឹកនេះ។

រោងចក្រផលិតចំណីជ្រូកនេះ មានសមត្ថភាពផលិតបានជិត ២សែនតោន ក្នុង១ឆ្នាំ ហើយកសិដ្ឋានចិញ្ចឹមជ្រូក នឹងផ្តល់ទិន្នផលជ្រូកជិត ៣សែនក្បាលក្នុង១ឆ្នាំ។

ក្នុងនោះដែរ ចំណីជ្រូកជិត ៧០ភាគរយ នឹងត្រូវប្រើប្រាស់ក្នុងកសិដ្ឋាន និង ៣០ភាគរយសម្រាប់លក់ចេញក្នុងទីផ្សារក្នុងស្រុក។

លោក លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុង គ្រុប បានឲ្យដឹងដែរថា ការវិនិយោគលើរោងចក្រថ្មីនេះ នឹងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ជាពិសេសនោះគឺ ជួយកាត់បន្ថយការនំាចូលផលិតផលពីក្រៅស្រុក ជម្រុញការផលិតក្នុងស្រុក និងជួយលើកមុខមាត់របស់ប្រទេសកម្ពុជា។

គួរជម្រាបដែរថា ក្រុមហ៊ុន ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានសមត្ថភាព និងជំនាញទាក់ទងការផលិតចំណីជ្រូក និងកសិដ្ឋានចិញ្ចឹមជ្រូក សូមដាក់ពាក្យធ្វើការជាមួយក្រុមហ៊ុនថ្មីនេះ៕

មតិយោបល់