ព័ត៌មានសេដ្ឋកិច្ច

ស្ពានអាកាសថ្មើរជើង សាងសង់បាន ៩០ភាគរយ គ្រោងសម្ពោធ នៅខែឧសភាខាងមុខនេះ

ស្ពានអាកាសថ្មើរជើងដំបូងបង្អស់នៅកម្ពុជា កំពុងសាងសង់បាន ៩០ភាគរយ គ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។ នេះបើយោងតាមគេហទំព័រមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

សាលារាជធានីភ្នំពេញ បាននិងកំពុងខិតខំជម្រុញការស្ថាបនា ស្ពានអាកាសថ្មើរជើង លើផ្លូវជាតិលេខ ៤ ចំនួន ២កន្លែង ត្រង់ចំណុចមុខសាលារៀនជម្ពូវ័ន្ត ដើម្បីបង្កភាពងាយស្រួលដល់ សិស្សានុសិស្ស និងប្រជាពលរដ្ឋអាចឆ្លងកាត់ផ្លូវដោយសុវត្ថិភាព។

ក្រៅពីការរៀបចំប្រព័ន្ធការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ផ្លូវនេះ សាលារាជធានីភ្នំពេញ នឹងដោះស្រាយស្ថានភាពចរាចរណ៍នៅតំបន់នេះជាកញ្ចប់តែម្តង ដោយគ្រោងនឹងពុះចែកសួនច្បារនៅកណ្តាលទ្រូងផ្លូវ ហើយនិងស្ថាបនាស្ពានអាកាសចោមចៅ ដែលធ្វើឲ្យប្រព័ន្ធចរាចរណ៍ កាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ប្រសិនបើគម្រោងនេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ នឹងពង្រីកគម្រោងស្ថាបនានេះ នៅលើផ្លូវផ្សេងៗមួយចំនួនទៀត ដូចជា នៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារជាដើម៕

មតិយោបល់