ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងបន្ថែមជើងហោះហើរត្រង់រវាង កម្ពុជា-ទីក្រុងស៊ីអាន ខេត្តសានស៊ី

ប្រទេសចិន មានគម្រោងបើកជើងហោះហើរត្រង់ ពីទីក្រុងស៊ីអាន ខេត្តសានស៊ី មកកាន់ព្រលានយន្តហោះទាំង ៣ របស់កម្ពុជាតែម្តង។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ។

លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ី បានលើកឡើងថា តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ កំពុងតែទាក់ទាញ និងមានសក្តានុពលខ្ពស់ក្នុងការវិនិយោគលើវិស័យទេសចរណ៍ ហើយក៏គ្រោងនឹងបើកជើងហោះហើរត្រង់មកកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈជាមួយ ខេត្តសានស៊ី ប្រទេសចិន ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគី ឲ្យបានដល់ចំនួន ៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧នេះ។​

ភាគីកម្ពុជា និងខេត្តសានស៊ី នឹងបន្តការពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញលើកទឹកចិត្ដដល់ វិនិយោគិនឲ្យមករកស៊ី និងវិនិយោគលើវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទូរគមនាគមន៍ អគ្គិសនី កសិកម្ម និងប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។

គួររម្លឹកដែរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ចិន ក្នុងឆ្នាំ ២០១៥ មានចំនួនជាង ៤.៣ពាន់លានដុល្លារអាមេរិក ហើយគិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៦ មានចំនួនជាង ២.៣ពាន់លានដុល្លារអាមេរិក៕

មតិយោបល់