ក្រោយការជួបពិភាក្សារវាងលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងប្រជាពលរដ្ឋប្រមាណ ៥០០គ្រួសារ លើបញ្ហាការអភិវឌ្ឍន៍អគារប៊ូឌីញនេះ គឺប្រជាពលរដ្ឋ ៨៨ភាគរយ យល់ព្រមលក់ តែមិនទាន់តថ្លៃគ្នាត្រូវនៅឡើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនជប៉ុន Arakawa ដែលចង់អភិវឌ្ឍន៍អគារនេះ ហ៊ានឲ្យថ្លៃ ១២៦៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តែប្រជាពលរដ្ឋទាររហូតដល់ ២២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាមិញ គ្រួសារ ១២ភាគរយទៀត យល់ព្រមទទួលយកទីកន្លែងស្នាក់នៅ ក្នុងគម្រោងអភិវឌ្ឍន៍នេះ។
បើប្រជាពលរដ្ឋយល់ព្រមទទួលដំណោះស្រាយដោយការអភិវឌ្ឍន៍អគារថ្មី ក្រសួង នឹងសហការជាមួយក្រុមហ៊ុន Arakawa ចាប់ផ្តើមសាងសង់លើគម្រោងសាងសង់អគារថ្មី ២១ជាន់ ដោយចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។
អគារថ្មីនេះ នឹងមានចំណតចំនួន ៣ជាន់, កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ហើយចាប់ពីជាន់ទី ៩ឡើងទៅ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន Arakawa។
គម្រោងនេះ នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៤ឆ្នាំ ដោយប្រជាជនអាចផ្លាស់ទៅស្នាក់នៅបណ្តោះអាសន្ន ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ម្តុំទឹកថ្លា។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្លាប់បានលើកឡើងដែរថា អគារនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ដែលអាចបាក់ស្រុត និងបង្កជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
គួរបញ្ជាក់ថា ស្ថាបត្យករខ្មែរ លោក លូ បានហាប់ បានចាប់ដៃគូជាមួយនឹង ស្ថាបត្យកររុស្ស៊ីលោក Vladimir Bodiansky រចនាអគារនេះឡើង និងសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៦៣៕
មតិយោបល់