ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងចំណាយប្រមាណ ៣៣លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២ឆ្នាំដើម្បីចាប់ផ្តើមជួសជុលឡើងវិញ ក្រោយពេលបោះឆ្នោតខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបានបន្តថា គម្រោងនេះ ត្រូវបានពន្យារ ដោយសារការកៀកចូលមកដល់នៃ វេទិកាសេដ្ឋកិច្ចពិភពលោក និងការបោះឆ្នោតផងដែរ។
យ៉ាងណាមិញ ចំពោះការបិទចរាចរណ៍ស្ពានចាស់ គឺត្រូវរៀបចំចរាចរណ៍នៅលើស្ពានជ្រោយចង្វារថ្មី ឲ្យប្រជាពលរដ្ឋអាចឆ្លងកាត់ទៅមកបាន ដែលទាមទារពេលវេលាសមរម្យមួយ មុននឹងអាចចាប់ផ្តើមបាន។
នៅពេលគម្រោងជួសជុលស្ពានជ្រោយចង្វារចាស់ ចាប់ផ្តើម នឹងចំណាយពេលប្រមាណ ២២ខែ ក្រសួងនឹងដាក់សាឡាង ២ ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ងាយស្រួលប្រជាពលរដ្ឋឆ្លងទៅឆ្លងមក។
បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល។
គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ មានប្រវែង ៧០៩ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ តែដោយសារបញ្ហាកកស្ទះចរាចរណ៍ ទើបពន្យារពេលជួសជុលមកទល់ពេលនេះ៕
មតិយោបល់