ធនាគារប្រៃសណីយ៍កម្ពុជា បានទិញភាគហ៊ុនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទាំងស្រុង ដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន ក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ ធនាគារប្រៃសណីយ៍កម្ពុជា ចេញផ្សាយកាលពីម្សិលមិញនេះ។
ការសម្រេចទិញយកភាគហ៊ុនទាំងស្រុងនេះ គឺដើម្បីពង្រីកសេវាដល់អតិថិជននៅតំបន់ជនបទ ឲ្យកាន់តែងាយស្រួលក្នុងការទំនាក់ទំនង និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ។
លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារប្រៃសណីយ៍កម្ពុជា បានឲ្យដឹងដែរថា តាមរយៈការិយាល័យទាំង ៩១ របស់ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ប្រជាជនភាគច្រើននៅតាមជនបទ នឹងអាចទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលមានបទដ្ឋានច្បាស់លាស់ និងអត្រាការប្រាក់សមរម្យ។
ដូចនេះ ចាប់ពីពេលនេះទៅ គ្រឹះស្ថានហិរញ្ញវត្ថុហ្វូណន នឹងក្លាយជាបុត្រសម្ព័ន្ធរបស់ ធនាគារប្រៃសណីយ៍កម្ពុជា ក្រោមការគ្រប់គ្រងរបស់ភាគទុនិកថ្មី ប៉ុន្តែនៅតែរក្សាអត្តសញ្ញាណរបស់ខ្លួនដដែល។
គួរជម្រាបដែរ បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន មានទ្រព្យសកម្មសរុបជាង ១៤លានដុល្លារអាមេរិក និងកំពុងផ្តល់សេវាហិរញ្ញវត្ថុទៅដល់ ប្រជាជនកម្ពុជាជិត ៣ម៉ឺនគ្រួសារ៕
មតិយោបល់