ព័ត៌មានសេដ្ឋកិច្ច

ធនាគារពិភពលោក៖ កម្ពុជា មិនអាចប្រកួតរឿងប្រាក់បៀវត្ស ព្រោះត្រូវការផលិតភាពបន្ថែម

យោងតាមរបាយការណ៍ Cambodia Economic Update ប្រចាំខែ មេសា ឆ្នាំ ២០១៧ របស់ធនាគារពិភពលោក បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា​ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងក្នុងរង្វង់ ៦.៩ភាគរយ ក្នុងឆ្នាំ ២០១៧ និង ២០១៨ ដោយមានការទ្រទ្រង់ពី វិស័យសំណង់ និងកាត់ដេរសម្លៀកបំពាក់។

យ៉ាងណាមិញ របាយការណ៍ដដែលនេះ ក៏មានការណែនាំឲ្យជម្រុញ និងលើកកម្ពស់ផលិតភាព ដើម្បីរក្សាកំណើនដ៏រឹងមាំរបស់កម្ពុជា។

លោក លី សូដែត សេដ្ឋកិច្ចវិទូជាតិ នៅធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា មិនអាចប្រកួតប្រជែងលើប្រាក់បៀវត្ស ជាមួយប្រទេសជិតខាងនោះឡើយ ព្រោះផលិតភាពរបស់ប្រទេសដទៃ អាចខ្ពស់ជាងប្រទេសកម្ពុជា។

ដូច្នេះ កម្ពុជា ត្រូវជម្រុញ និងបង្កើនផលិតភាព ពោលគឺ ត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់លើ វិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរ វិស័យសំណង់ វិស័យអេឡិចត្រូនិក និងវិស័យផ្សេងៗ ដែលអាចឲ្យកម្ពុជាប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។

លោកបានបន្តថា នៅពេលប្រាក់ខែឡើង ផលិតផលសម្រេចក៏ឡើងថ្លៃដែរ ដូច្នេះទាមទារឲ្យកម្លាំងពលកម្ម មានជំនាញច្បាស់លាស់ ពូកែ ផលិតបានល្អជាងមុន ច្រើនជាងមុន ទើបអាចប្រកួតប្រជែងជាមួយទីផ្សារក្រៅប្រទេសបាន។

ប្រទេសកម្ពុជា ត្រូវការផលិតភាពបន្ថែមទាំងវិស័យឯកជន និងវិស័យសាធារណៈ ដោយវិស័យសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដើម្បីគាំទ្រដល់វិស័យឯកជន។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅមានកម្រិតទាបជាង តម្រូវការ ហើយវាជាការលំបាកមួយផងដែរ ព្រោះត្រូវការដើមទុនធំ ដើម្បីសាងសង់ ជួសជុល និងថែទាំយ៉ាងម៉ត់ចត់​។

ជាចុងក្រោយ លោកលើកឡើងថា កម្ពុជា គួរពង្រឹងផ្នែកគ្រប់គ្រងវិនិយោគ វិនិយោគហើយបានផលល្អ ដូចអ្វីដែលចង់បាន ហើយវានឹងចូលរួមកាត់បន្ថយចំណាយផ្សេងៗ ដែលអាចឲ្យផលិតផលកម្ពុជា អាចប្រកួតប្រជែងនៅក្រៅស្រុកបានកាន់តែប្រសើរ៕

មតិយោបល់