ព័ត៌មានសេដ្ឋកិច្ច

ត្រី ចាប់ផ្តើមត្រូវខ្លាំង មានតម្លៃទាប ត្រូវប៉ាន់សម្រាប់ធ្វើផ្អក ប្រហុក ត្រីឆ្អើរ

ត្រី ចាប់ផ្តើមត្រូវជាបណ្តើរៗហើយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ហើយមានតម្លៃថោក ធៀបនឹងឆ្នាំមុន ត្រូវប៉ាន់សម្រាប់ប្រជាពលរដ្ឋ ចង់ធ្វើផ្អក ប្រហុក ឬត្រីឆ្អើរ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក ណៅ ធួក អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បើទោះជាពេលនេះ នៅរាជធានីភ្នំពេញ ត្រី មិនទាន់សម្បូរខ្លាំងក៏ដោយ ប៉ុន្តែវាពុំមានតម្លៃថ្លៃហួសហេតុនោះទេ ពោលគឺ ត្រីសម្រាប់ធ្វើប្រហុក មានតម្លៃចន្លោះពី ១២០០រៀល ដល់ ១៥០០រៀល ហើយត្រីធំៗ មានតម្លៃចាប់ពី ៦០០០រៀល ដល់ ៨០០០រៀល។

ដោយឡែក សម្រាប់តម្លៃត្រីនៅខេត្តភាគខាងលើនៃបឹងទន្លេសាប គឺមានតម្លៃទាបប្រមាណ ១០០០រៀល ដោយសារត្រីសម្បូរច្រើន។

លោកបន្តថា បរិមាណផលត្រីទឹកសាបឆ្នាំនេះ អាចផ្គត់ផ្គង់បាន តាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើផ្អក ប្រហុក ត្រីឆ្អើរ ដែលជាស្បៀងទំនុកបម្រុងដ៏សំខាន់ នាពេលខាងមុខ។

ការប្រមូលផលនេសាទ ក្នុងខ្នើតខែបុស្ស អាចទទួលបានបរិមាណផលចន្លោះពី ៤ពាន់តោន ទៅ ៥ពាន់តោន ដែលមានការកើនឡើង បើធៀបនឹងឆ្នាំមុន ដោយសារឆ្នាំនេះ កម្ពស់ទឹកជំនន់ មានអំណោយផលល្អ ជាពិសេសការបង្ក្រាបបទល្មើសជលផលដូចភ្លៀវរលឹម។

គួរបញ្ជាក់ថា បើអាកាសធាតុអំណោយផលល្អ គ្មានព្យុះភ្លៀងកើតឡើង នៅចន្លោះពីថ្ងៃទី ៥ ដល់ទី ១០ ខែកុម្ភ: ខាងមុខនេះ ត្រី នឹងត្រូវម្តងទៀត ដោយសារតែកម្ពស់ទឹកទន្លេសាប នៅមានកម្រិតខ្ពស់ អាចហូរចុះពីបឹងទន្លេសាប ធ្លាក់មកទន្លេសាប បានបង្កភាពងាយស្រួលដល់ ការចរាចរណ៍របស់ត្រី៕

មតិយោបល់