បន្ទាយមានជ័យៈ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាឪពុក និង៣នាក់ទៀតជាកូនបង្កើត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីជនរងគ្រោះនិងជនសង្ស័យជាបងប្អូនបង្កើត បានផ្ទុះហិង្សាវាយតប់គ្នារហូតដល់មានម្នាក់ស្លាប់ ស្រាប់តែឪពុកមិនរាយការណ៍ជូនសមត្ថកិច្ចបែរជាសមគំនិត ដុតកម្ទេចសាកសពចោលដើម្បីបំបាត់ភស្តុតាងទៅវិញ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៤៩នាទី យប់ថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៤នាក់ឪពុកកូនដែលត្រូវឃាត់ខ្លួនខាងលើ ទី១មានឈ្មោះ មោក ស្វែក ភេទប្រុស អាយុ៦៥ឆ្នាំ (ជាឪពុក), ទី២-ឈ្មោះ មោក ប៉ែត ភេទប្រុស អាយុ២៧ឆ្នាំ, ទី៣-ឈ្មោះ មោក ចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យទី៤-ឈ្មោះ មោក កៅកែ ភេទប្រុស អាយុ២១ឆ្នាំ។ អ្នកទាំង៣ជាបងប្អូនបង្កើតនឹងគ្នា រស់នៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៩និង៤៩នាទី ជនរងគ្រោះឈ្មោះ មោក វេន ភេទប្រុស អាយុ៣០ឆ្នាំ បានផឹកស្រាស្រវឹង ហើយឈ្លោះគ្នាជាមួយប្អូនៗប្រុសបង្កើត រួចយកដុំតដ្ឋប្រហោង ដេញវាយនិងគប់ទៅលើជនសង្ស័យឈ្មោះ មោក ប៉ែក តែគេចផុត ។បន្ទាប់មកជនសង្ស័យឈ្មោះ មោក ប៉ែក បានយកដុំឥដ្ឋនោះ វាយទៅលើជនរងគ្រោះវិញ ត្រូវចំក្បាល១ដុំឥដ្ឋ និងយកដំបងឫស្សី ដែលមានប្រវែងប្រហែល២ម៉ែត្រ មកវាយត្រូវកញ្ជឹងក និងក្បាលចំនួន៤ដំបងបន្ថែមទៀត។ ភ្លាមៗនោះស្រាប់តែជនសង្ស័យឈ្មោះ មោក ចិត្រ និងឈ្មោះ មោក កៅ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានយកដំបងឬស្សីទៅវាយលើជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យស្លាប់នៅមុខបន្ទប់ទឹក ខាងក្រោយផ្ទះតែម្តង។ លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៩និង៣០នាទី ឈ្មោះ មោក ស្វែក ដែលជនសង្ស័យត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះនិងជនសង្ស័យ បានយកសពមកបូជានៅខាងក្រោយផ្ទះចម្ងាយប្រហែល២៥ម៉ែត្រ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការនិងផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់