ក្រុមហ៊ុន Zhongke Zhaoshang របស់ប្រទេសចិន មានបំណងនឹងសាងសង់ «អគារមិត្តភាពកម្ពុជាចិន» នៅប្រទេសចិន ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
អគារនេះ នឹងផ្តល់ឱកាសឲ្យកម្ពុជា មានកន្លែងតាំងពិព័រណ៍ផលិតផលកសិកម្មកម្ពុជា និងដើម្បីសម្រាប់តាំងពិព័រណ៍សិល្បៈវប្បធម៌កម្ពុជាផង។
លោក សាន សៀង ស្ស័ង ប្រធានក្រុមហ៊ុន Zhongke Zhaoshang បានស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន លើគម្រោងនេះ នឹងទទួលបានការឆ្លើយតបជាវិជ្ជមានផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏មានបំណងបើកឲ្យមានសេវាជួលយន្តហោះអន្តរជាតិ នៅក្នុងតំបន់អាស៊ានទាំងមូល និងចង់បណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឲ្យមានជំនាញផ្នែកថែទាំ គ្រឿងចក្រយន្តហោះ និងជំនាញជួសជុលម៉ាស៊ីនយន្តហោះជាដើម។
គួរជម្រាបដែរថា កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរចិន ២លាននាក់ក្នុង ១ឆ្នាំ ហើយទំហំពាណិជ្ជកម្មអាចឈានដល់ ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ខាងមុខនេះ៕
មតិយោបល់