ប្រទេសកម្ពុជា និងថៃ ត្រៀមបើកច្រកពំ្រដែនថ្មីៗជាច្រើនទៀត ដើម្បីឲ្យភ្ញៀវទេសចរអាចឆ្លងកាត់កាន់តែប្រសើរឡើង និងមិនមានការកកស្ទះជាមួយការដឹកជញ្ជូនតាមច្រកព្រំដែន។ នេះបើយោងតាមការឲ្យដឹងពីលោក ស៊ិន ចន្ធី នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ TILOG Logistix 2017 ធ្វើឡើងកាលពីព្រឹកមិញនេះ។
លោក ស៊ិន ចន្ធី ប្រធាននៃសមាគមភ្នាក់ងារដឹកជញ្ជូនកម្ពុជា CAMFFA បញ្ជាក់ដែរថា ច្រកពំ្រដែនសំខាន់ៗ តែងតែមានការកកស្ទះចរាចរណ៍ ដោយសារត្រូវការដឹកជញ្ជូនទំនិញឆ្លងទៅមកច្រើន ហើយរដ្ឋាភិបាល នឹងបើកច្រកព្រំដែនបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរ ដើម្បីបញ្ចៀសការកកស្ទះដោយសារការដឹកជញ្ជូន។
លោកបានឲ្យដឹងថា ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន គឺជាគន្លឹះឈានទៅរកជោគជ័យក្នុងវិស័យដឹកជញ្ជូន។ ការដោះស្រាយបញ្ហាទាំងអស់ទាក់ទងនឹងការដឹកជញ្ជូន នឹងធ្វើឲ្យផលិតផលកម្ពុជា កាន់តែអាចប្រកួតប្រជែង ពោលគឺបន្ថយថ្លៃដើម កាត់បន្ថយពេលវេលាដឹកជញ្ជូន ធ្វើឲ្យមានសកម្មភាពដឹកជញ្ជូនកាន់តែច្រើនឡើង ហើយសេដ្ឋកិច្ចកាន់តែប្រសើរ។
ការដឹកជញ្ជូនតាមច្រកព្រំដែន ដូចជាច្រក GMS Great Mekong Submission និងច្រកអាស៊ាន ពោលគឺច្រកប៉ោយប៉ែត និង ច្រកកោះកុង ច្រកព្រហ្ម ខេត្តប៉ៃលិន សុទ្ធតែជាច្រកអន្តរជាតិ ដែលជម្រុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
ប្រទេសថៃ ក៏អាចដឹកឆ្លងកាត់ពីកម្ពុជាទៅវៀតណាម ដោយកម្ពុជាដើរតួនាទីជា ចំណុច Transit ហើយឡានធំៗ អាចឆ្លងកាត់មកកម្ពុជាបាន ធ្វើឲ្យច្រកព្រំដែនមានសកម្មភាពកាន់តែមមាញឺក និងជម្រុញកំណើនពាណិជ្ជកម្មទៅថ្ងៃមុខ។
លោក ចន្ធី ក៏យល់ឃើញថា ការដឹកជញ្ជូនតាមផ្លូវទឹក នៅតែមានសក្តានុពលជាងគេ ប្រសើរជាងគេ តម្លៃថោកជាង ហើយការដឹកជញ្ជូនតាមផ្លូវទឹក ងាយស្រួល មិនកកស្ទះ មិនខូចផ្លូវ។
យ៉ាងណាមិញ ប្រទេសថៃ ប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវគោកមកកម្ពុជាច្រើន ហើយរាជរដ្ឋាភិបាលកម្ពុជា នៅតែខិតខំអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវគោក តែមិនទាន់រលូននៅឡើយ។
គួរជម្រាបដែរថា ពិព័រណ៍ការដឹកជញ្ជូនដ៏ចំាបាច់បំផុត អាស៊ានស្តីពី បច្ចេកវិទ្យាដឹកជញ្ជូន ដំណោះស្រាយ និងឧបករណ៍ក្នុងការដឹកជញ្ជូន TILOG LogistiX 2017 នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែសីហា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ BITEC ទីក្រុងបាងកក ប្រទេសថៃ៕
មតិយោបល់