ក្រោយការជួបពិភាក្សារវាងលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារ លើបញ្ហាការអភិវឌ្ឍន៍អគារប៊ូឌីញនេះ គឺ មកទល់ពេលនេះ ប្រជាពលរដ្ឋជាង ៩០ភាគរយ បានចុះកិច្ចសន្យាយល់ព្រមលក់ ក្នុងតម្លៃ ១៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ពលរដ្ឋទាំងអស់ នឹងចាប់ផ្តើមចាកចេញចាប់ពីថ្ងៃទី ៦ មិថុនា ដល់ ទី ៦ កក្កដា ខាងមុខនេះ ដោយទទួលបានប្រាក់ឧបត្ថម្ភ ១០០ដុល្លារអាមេរិក សម្រាប់ការរើឥវ៉ាន់ ហើយអ្នករើឥវ៉ាន់ចេញពីបន្ទប់អគារនេះរួចរាល់ នឹងទទួលបានសែកទៅបើកនៅធនាគារភ្លាមៗ។
លើសពីនេះទៅទៀត នៅថ្ងៃទី ១០ ខែមិថុនាខាងមុខនេះ នឹងមានការរៀបចំពិធីជប់លៀងសាមគ្គីអបអរសាទរគម្រោងអគារប៊ូឌីញ ស និងជាការលាគ្នាចុងក្រោយនៃពលរដ្ឋ ដែលធ្លាប់រស់នៅទីនោះ។
សម្រាប់ការអភិវឌ្ឍន៍អគារថ្មី ក្រសួង នឹងសហការជាមួយក្រុមហ៊ុន Arakawa ចាប់ផ្តើមសាងសង់លើគម្រោងសាងសង់អគារថ្មី ២១ជាន់ ដោយចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។
អគារថ្មីនេះ នឹងមានចំណតចំនួន ៣ជាន់, កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ហើយចាប់ពីជាន់ទី ៩ឡើងទៅ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន Arakawa។
គួរបញ្ជាក់ថា ស្ថាបត្យករខ្មែរ លោក លូ បានហាប់ បានចាប់ដៃគូជាមួយនឹង ស្ថាបត្យកររុស្ស៊ីលោក Vladimir Bodiansky រចនាអគារនេះឡើង និងសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៦៣៕
មតិយោបល់