កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍យូហ្គាអន្តរជាតិ នៅទីតាំងចំនួន ៣ គឺ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ នាថ្ងៃទី ១៤-១៧ ខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
ព្រឹត្តិការណ៍នេះ គ្រោងនឹងធ្វើឡើងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅឆ្នេរសុខា ខេត្តព្រះសីហនុ និងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
យ៉ាងណាមិញ សម្រាប់ខេត្តសៀមរាប គឺរៀបចំនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៧ ហើយសម្រាប់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងធ្វើឡើងនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៧។
លោក សូរ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានរំពឹងថា ព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាប្រទេសកម្ពុជាបានកាន់តែច្រើន ជាពិសេសភ្ញៀវទេសចរឥណ្ឌា។
គួរជម្រាបដែរថា លំហាត់យូហ្គា ត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ថា ពិតជាផ្តល់អត្ថប្រយោជន៍ដល់ សុខភាពទំាងផ្លូវកាយ និងផ្លូវចិត្ត មិនថា ចាស់ ឬក្មេងនោះឡើយ៕
មតិយោបល់