ព័ត៌មានសេដ្ឋកិច្ច

Jack MA ជ្រៀតចូលទីផ្សារហិរញ្ញវត្ថុអនឡាញនៅថៃ សាយភាយដល់កម្ពុជា

ក្រុមហ៊ុន Ant Financial របស់មហាសេដ្ឋី Jack MA បានចាប់ដៃគូវិនិយោគលើប្រព័ន្ធហិរញ្ញវត្ថុអនឡាញ ជាមួយក្រុមហ៊ុន Ascend Money របស់ប្រទេសថៃ ដែលកំពុងដំណើរការក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា តាមរយៈភ្នាក់ងារ TrueMoney។ នេះបើយោងតាមសារព័ត៌មាន CNBC ចេញផ្សាយប្រមាណជា ៦ម៉ោងមុននេះ។

លោក Punnamas Vichitkulwongsa នាយកប្រតិបត្តិក្រុមហ៊ុន Ascend Group បានលើកឡើងថា «គោលបំណងរបស់យើងគឺ ផ្តល់សេវាហិរញ្ញវត្ថុដ៏ទំនើបបំផុតដល់ អតិថិជន ១០០លាននាក់ នៅក្នុងប្រទេសថៃ និងទូទាំងអាស៊ីអាគ្នេយ៍ ត្រឹមឆ្នាំ ២០២០ ហើយការសហការជាមួយ Ant Financial នឹងជួយបង្កើតប្រព័ន្ធអេកូសេវាហិរញ្ញវត្ថុដ៏ខ្លាំងមួយ»។

Ant Financial កំពុងតែពង្រីកសក្តានុពលទូទាំងសកលលោក មិនមែនត្រឹមតែផ្តល់សេវាដល់អតិថិជនចិនប៉ុណ្ណោះទេ ហើយគោលដៅចំបងគឺជួយប្រជាជនអាស៊ីអាគ្នេយ៍ ដែលមិនប្រើសេវាកម្មធនាគារ ឬត្រូវបដិសេធដោយធនាគារ។

កិច្ចសហការនេះ បានបង្ហាញពីការចាប់ដៃគ្នារវាងមហាសេដ្ឋី Jack MA នឹងលោក Suphachai Chearavanont កូនមហាសេដ្ឋីមានបំផុតនៅប្រទេសថៃ ដែលក្រុមហ៊ុនថៃនោះ ធ្វើប្រតិបតិ្តការបង់ប្រាក់តាម TrueMoney និងផ្តល់កម្ចីអនឡាញតាម Ascend Nano។

គួរបញ្ជាក់ថា កាលពីខែតុលា កន្លងទៅនេះ មហាសេដ្ឋី Jack MA ក៏ត្រូវបានអញ្ជើញដោយលោក សុក ស៊ីផាន់ណា ដើម្បីមកថ្លែងសុន្ទរកថា នៅកម្ពុជាផងដែរ៕

14712925_1170375576376971_799653108167575452_o 08founder-web1-jumbotrue-corporation-office

មតិយោបល់