សេវាកម្មទូទាត់សាច់ប្រាក់ mVisa នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា ក្នុងត្រីមាសទីបីនៃឆ្នាំ ២០១៧ ហើយសេវាកម្មនេះ អនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួន ដើម្បីធ្វើការទិញទំនិញដោយពុំចាំបាច់មានសាច់ប្រាក់ក្នុងដៃ បង់វិក្កយបត្រ និងផ្ញើប្រាក់ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារប្រកបដោយសុវត្ថិភាព តាមរយៈការភ្ជាប់កាតឥណពន្ធវីសា កាតឥណទាន ឬគណនីបង់ប្រាក់ជាមុន ជាមួយនឹងកម្មវិធី mVisa។
Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់ប្រាក់សកល បានប្រកាសថា ខ្លួនកំពុងធ្វើការសហការជាមួយបណ្តាធនាគារក្នុងស្រុក និងពាណិជ្ជករនានា ដើម្បីបើកដំណើរការសេវាកម្មទូទាត់សាច់ប្រាក់ mVisa Quick Response (QR) code ទូរសព្ទដៃ ក្នុងគោលបំណងបង្កើនល្បឿនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ ទៅជាការទូទាត់បែបអេឡិកត្រូនិក នៅប្រទេសកម្ពុជា។
វានឹងធ្វើការផ្លាស់ប្តូរគណនីមូលដ្ឋានជាទម្រង់ឌីជីថល និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចផ្ទេរប្រាក់ពីគណនីរបស់ខ្លួន ចូលទៅក្នុងគណនីពាណិជ្ជករ ប្រកបដោយសុវត្ថិភាព និងការទុកចិត្តតាមរយៈតាមការស្កេនកូដ QR។
ចំពោះពាណិជ្ជករ សេវាកម្ម mVisa អាចឲ្យពួកគេទទួលបានជម្រើសចំណាយទាប ក្នុងការទូទាត់បែបអេឡិចត្រូនិក ដោយប្រើសេវាកម្ម mVisa QR code និងទូរសព្ទដៃរបស់ពួកគេ។
លោក Sean Preston អ្នកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «តាមរយៈការប្រើប្រាស់ទូរសព្ទដៃ និងបច្ចេកវិជ្ជា QR code សេវាកម្ម mVisa ជួយបំពេញបន្ថែមមុខងារពីលើម៉ាស៊ីនឆូតកាត តាមរយៈការផ្តល់នូវប្រសិទ្ធភាពក្នុងការចំណាយសម្រាប់អាជីវកម្ម ដែលបានទទួលយកសេវាកម្មទូទាត់សាច់ប្រាក់បែបអេឡិចត្រូនិក និងសម្រាប់អតិថិជនធ្វើការបង់ប្រាក់តាមបែបអេឡិចត្រូនិក ជាជាងការប្រើប្រាស់សាច់ប្រាក់យកមកទូទាត់។»
ប្រតិបតិ្តការសេវាកម្ម mVisa ទាំងអស់ត្រូវបានដំណើរការតាមរយៈបណ្តាញជាសកល VisaNet ការអនុវត្តមាត្រដ្ឋាន ប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្ដនៃការទូទាត់តាម Visa ទៅកាន់ការទូទាត់តាមលេខកូដ QR។
គួរជម្រាបដែរថា Visa ជាក្រុមហ៊ុនទូទាត់ប្រាក់សកលលោក តាមបែបបច្ចេកវិជ្ជាដែលផ្សារភ្ជាប់អតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅតាមបណ្ដាប្រទេស និងតំបន់ជាង ២០០កន្លែង ដែលមានល្បឿនលឿន សុវត្ថិភាព និងអាចជឿទុកចិត្តបាន៕

មតិយោបល់