ជាការពិតណាស់ មហាសេដ្ឋី Jack MA ពិតជាចាប់អារម្មណ៍មកវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះរួមមានប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកម្ពុជាផងដែរ។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិ China Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ant Financial របស់មហាសេដ្ឋី Jack MA បានចាប់ដៃគូវិនិយោគលើប្រព័ន្ធហិរញ្ញវត្ថុអនឡាញ ជាមួយក្រុមហ៊ុន Ascend Money របស់ប្រទេសថៃ ដែលកំពុងដំណើរការក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា តាមរយៈភ្នាក់ងារ TrueMoney។ នេះបើយោងតាមសារព័ត៌មាន CNBC។
ក្រោយពីបានវិនិយោគជាដំបូងនៅប្រទេសថៃ Jack MA ក៏បង្ហាញចំណាប់អារម្មណ៍ជាខ្លាំងនៅបណ្តាប្រទេស ៤ទៀត ជាពិសេសគឺ គាត់សម្លឹងឃើញ កម្លាំងពលកម្មវ័យក្មេងកម្ពុជាដ៏មានសក្តានុពល ដែល ពិតជាទាក់ទាញក្រុមរបស់គាត់ឲ្យចង់មកវិនិយោគនៅកម្ពុជា។
យ៉ាងណាមិញ ក្រុមហ៊ុន E-commerce និងអាជីវកម្មខ្នាតតូច-មធ្យម នៅក្នុងប្រទេសថៃ កំពុងមានការព្រួយបារម្ភថាតើ ក្រុមហ៊ុនអនឡាញ Alibaba ពិតជាវាយយកទីផ្សារទាំងស្រុង ហើយសម្លាប់អាជីវកម្មរបស់ពួកគេឬយ៉ាងណា។
ជាការឆ្លើយតប ក្រុមហ៊ុន Alibaba បានឲ្យដឹងថា ក្រុមហ៊ុនមិនមែនចូលមកវាយលុកទីផ្សារក្នុងស្រុកនោះទេ គឺមកជួយបើកផ្លូវឲ្យផលិតផលក្នុងស្រុកទាំងនោះ បានដាក់តាំងបង្ហាញទៅកាន់ពិភពលោក ជាពិសេសគឺប្រទេសចិន។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០១៦កន្លងទៅនេះ មហាសេដ្ឋី Jack MA ក៏ត្រូវបានអញ្ជើញដោយលោក សុក ស៊ីផាន់ណា ដើម្បីមកថ្លែងសុន្ទរកថា នៅកម្ពុជាផងដែរ។
លោក សុក ស៊ីផាន់ណា បានជួបផ្ទាល់ជាមួយលោក Jack MA នៅ កិច្ចប្រជុំកំពូលកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ីលើកទី ២ ក្នុងទីក្រុងបាងកក ហើយលោកបានឆ្លៀតឱកាសអញ្ជើញលោក Jack MA មកកាន់ប្រទេសកម្ពុជា ដើម្បីថ្លែងសន្ទរកថាលើកទឹកចិត្តដល់យុវជន និងសហគ្រិនវ័យក្មេងនៅកម្ពុជា និងដើម្បីជម្រុញវិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក នៅកម្ពុជា។
ជាចុងក្រោយ លោក សុក ស៊ីផាន់ណា ក៏សម្តែងពីក្តីសង្ឃឹមរង់ចាំមើល ព្រឹត្តិការណ៍នេះកើតឡើងផងដែរ៕
មតិយោបល់