ប្រទេសចិន មានគម្រោងនឹងបន្ថែមជើងហោះហើរត្រង់ ពីខេត្ត Gansu មកកាន់ ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងទេសចរណ៍។
លោក Tang Renjian អភិបាលខេត្ត Gansu បានជួបជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសពិធីបុណ្យ 7th Dunhuang Tour on Silk Road International Tourism Festival និងបានពិភាក្សាលើ ការជម្រុញកិច្ចសហការផ្នែកទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់ពី Gansu មកកម្ពុជា។
កាលពីពេលថ្មីៗនេះ លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ី បានលើកឡើងថា តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ កំពុងតែទាក់ទាញ និងមានសក្តានុពលខ្ពស់ក្នុងការវិនិយោគលើវិស័យទេសចរណ៍ ហើយក៏គ្រោងនឹងបើកជើងហោះហើរត្រង់មកកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៩លាននាក់ ក្នុងនោះទេសចរចិន មាន ៣.៦សែននាក់ ឈរលំដាប់ទី១ នៃទីផ្សារធំៗទាំង ១០។
គួររម្លឹកដែរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ចិន ក្នុងឆ្នាំ ២០១៥ មានចំនួនជាង ៤.៣ពាន់លានដុល្លារអាមេរិក ហើយគិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៦ មានចំនួនជាង ២.៣ពាន់លានដុល្លារអាមេរិក៕
មតិយោបល់