ព័ត៌មានសេដ្ឋកិច្ច

Hodo Group ចង់វិនិយោគលើដំណាំកៅស៊ូនៅកម្ពុជា ផលិតជាសំបកកង់រថយន្ត

កាលពីពេលថ្មីៗនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក Zhou Yaoting អភិបាលនៃក្រុមហ៊ុន Hodo ហើយបានអំពាវនាវឲ្យ ក្រុមហ៊ុន Hodo ពិនិត្យមើលលទ្ធភាពវិនិយោគលើ ការផលិតសំបកកង់រថយន្ត នៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវ កំណើនយានយន្តដ៏ច្រើននៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ក្រុមហ៊ុន Hodo ប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា ដោយចាត់ទុកជាប្រទេសដំបូងគេ ដែលមានលក្ខណៈអំណោយផលបំផុត ក្នុងការធ្វើការវិនិយោគ ដោយសារកម្ពុជា មានធនធានគ្រប់គ្រាន់ មានលក្ខខណ្ឌល្អ និងមានចំណងកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា-ចិន។

ក្រុមហ៊ុន Hodo Group របស់ប្រទេសចិន ក៏ធ្លាប់បានបង្ហាញពីគម្រោងវិនិយោគលើដំណាំកៅស៊ូនៅកម្ពុជា យកទៅផលិតជាសំបកកង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្រុមហ៊ុន បានមើលឃើញពីសក្តានុពលនៃដំណាំកៅស៊ូនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងតែសិក្សាពីគម្រោងវិនិយោគទៅលើដំណាំដ៏មានសក្តានុពលមួយនេះ ប៉ុន្តែមិនទាន់អាចបង្ហាញពីទីតាំង និងទំហំប្រាក់បោះទុនវិនិយោគបាននៅឡើយទេ។

យ៉ាងណាមិញ ក្រុមហ៊ុន Hodo Group ក៏ជាដៃគូវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសធំជាងគេនៅកម្ពុជា កំពុងផ្តល់ការងារដល់ប្រជាជនជាង ២០,០០០នាក់ នឹងក្រុមហ៊ុនចំនួនជាង ១០០ កំពុងដំណើរការ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Hodo គឺជាក្រុមហ៊ុនដ៏ធំប្រចាំប្រទេសចិន ដែលមានប្រមាណ ៥០០សាខាទូទាំងប្រទេសចិន ហើយប្រកបអាជីវកម្មលើ ការកាត់ដេរសម្លៀកបំពាក់ អចលនវត្ថុ ការផលិតសំបកកង់ ការផលិតឱសថ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕

មតិយោបល់