ព័ត៌មានសេដ្ឋកិច្ច

គម្រោងលំនៅដ្ឋានតម្លៃសមរម្យក្រោម ៣ម៉ឺនដុល្លារ នឹងត្រូវបានលើកលែងពន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យក្រោម ៣ម៉ឺនដុល្លារអាមេរិក នឹងទទួលបានការលើកទឹកចិត្តជា ការវិនិយោគសាធារណៈ ការលើកលែងពន្ធ និងការសម្រួលផ្នែកនិយ័តកម្ម។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គោលនយោបាយនេះ នឹងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន អភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ជូនប្រជាពលរដ្ឋដែលខ្វះខាតផ្ទះសម្បែង សម្រាប់ការរស់នៅនាពេលបច្ចុប្បន្ន។

រីឯប្រជាជន ដែលមានប្រាក់បៀវត្ស​ ឬមុខរបរខ្នាតតូច មានចំណូលមធ្យម ដែលពុំទាន់មានលំនៅដ្ឋាន ឬមានលំនៅដ្ឋានអសុវត្ថិភាព ឬតូចចង្អៀតពេក នឹងទទួលបានផលប្រយោជន៍ពី គោលនយោបាយនេះ។

គោលនយោបាយនេះ គឺមានគោលដៅដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមផង តាមរយៈការផ្តល់ជូនលំនៅដ្ឋានសមរម្យជូនប្រជាពលរដ្ឋ ផ្អែកលើគោលការណ៍ពាណិជ្ជកម្ម ភ្ជាប់ជាមួយនឹងអន្តរាគមន៍របស់រដ្ឋ ដើម្បីបន្ធូរបន្ថយបន្ទុក ទាំងដល់អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកទិញលំនៅដ្ឋាន។

គួរជម្រាបដែរថា សេចក្តីព្រាងឯកសារគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ នឹងត្រូវដាក់ជូន គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ មុនដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងផ្តល់ការអនុម័តនៅក្នុងពេលឆាប់ៗខាងមុខនេះ៕

មតិយោបល់