អង្គការ USAID បានរៀបចំគម្រោងហិរញ្ញវត្ថុ ៣លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍លើ វិស័យទឹកស្អាត និងអនាម័យ នៅក្នុងតំបន់ដាច់ស្រយាល នៅកម្ពុជា ដែលគម្រោងនេះមានឈ្មោះថា WASH-FIN Cambodia Project។
លោក មុនី ទីប្រឹក្សាគម្រោង WASH-FIN Cambodia Project បានឲ្យដឹងថា គម្រោងនេះ មានរយៈពេល ៣ឆ្នាំ អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ខាងមុខនេះ នឹងបញ្ចប់ក្នុងឆ្នាំ ២០២០។
WASH-FIN Cambodia Project មានគោលបំណងចំបងគឺ ជួយលើកស្ទួយសមត្ថភាពអ្នកផ្គត់ផ្គង់ទឹកស្អាត នៅតំបន់ក្រៅទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីឲ្យផលិតភាពកើនឡើង មានអនាម័យ សុវត្ថិភាព មានស្ថេរភាពថ្លៃ សមរម្យសម្រាប់ប្រជាជនក្រីក្រ។
ក្រៅពីនោះ គម្រោងនេះ នឹងមានជា គំរូអាជីវកម្មដែលមានស្ថេរភាព មាននិរន្តភាព សម្រាប់ម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹក អាចសិក្សារៀនសូត្រ ជាពិសេសគម្រោងនេះ នឹងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្ម តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងជាមួយ ស្ថាប័នផ្តល់ឥណទាន នានា។
យ៉ាងណាមិញ ចំពោះខេត្តក្រុង ដែលត្រូវអនុវត្តគម្រោង នៅពុំទាន់ជ្រើសរើសនៅឡើយទេ ខណៈបច្ចុប្បន្ន អង្គការ USAID កំពុងចុះសិក្សាជាក់ស្តែងពី តំបន់អាទិភាព។
លោក ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តម យឹម ឆៃលី បានលើកឡើងថា គម្រោងនេះ ពិតជាល្អណាស់ ព្រោះជាគម្រោងផ្គត់ផ្គង់ទឹកស្អាត តាមទុយោ បំពង់ទឹក មិនមែនជា អណ្តូង ទៀតទេ តែយ៉ាងណាមិញ គម្រោងនេះ មិនបានគ្របដណ្តប់ ២៥ខេត្តក្រុងនោះទេ គឺជ្រើសរើសតំបន់មួយចំនួនប៉ុណ្ណោះ។
គួរជម្រាបដែរថា គម្រោង WASH-FIN នឹងធ្វើឡើងក្នុងប្រទេសចំនួន ៨ ក្នុងតំបន់អាហ្វ្រិក និងអាស៊ី ដែលមានទំហំទឹកប្រាក់ ៤០លានដុល្លារអាមេរិក ចាប់ផ្តើមពីឆ្នាំ ២០១៦ ដល់ ២០២១៕
មតិយោបល់