កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក JC Airline បានប្រកាសបើកជើងហោះហើរត្រង់ពី ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ ទៅកាន់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាលេស៊ី ដោយប្រើយន្តហោះប្រភេទ Airbus A320។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
មន្រ្តីអាកាសចរស៊ីវិលនៃព្រលានយន្តហោះកងកេង បានឲ្យដឹងថា នេះជើងហោះហើរត្រង់ថ្មីមួយទៀតពី ទីក្រុងកូឡាឡាំពួ មកកាន់ខេត្តព្រះសីហនុ ដែលបង្ហាញពីការវិវឌ្ឍន៍រីកចម្រើនខាងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស។
ជើងហោះហើរថ្មីនេះ រត់ ២ជើង ក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍ ហើយនឹងអាចបន្ថែមច្រើនទៀត អាស្រ័យទៅតាមកំណើនភ្ញៀវទេសចរ។
គួររម្លឹកដែរថា ក្រុមហ៊ុនអាកាសចរណ៍ JC International Airline ជាក្រុមហ៊ុនដែលបោះទុនវិនិយោគ ១០០ភាគរយ ដោយស្ថាបនិកជាជនជាតិខ្មែរសុទ្ធសាធ។
លោកស្រី Dong Yan Huang នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន JC Airline បានឲ្យដឹងថា គោលបំណងធំ នៃការបង្កើតក្រុមហ៊ុននេះឡើងគឺ ចង់កែប្រែប្រវត្តិសាស្រ្តទីផ្សារកម្ពុជា ឲ្យក្លាយខ្លួនជា ក្រុមហ៊ុនអាកាសចរណ៍ដំបូង ក្រោមស្ថាបនិកពីជនជាតិខ្មែរ ដែលមានភាគហ៊ុន ១០០ភាគរយ។
លើសពីនេះទៅទៀត ក៏ដោយសារការជឿជាក់យ៉ាងមុតមាំ ទៅលើបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអាកាសចរណ៍ និងទីផ្សារវិស័យអាកាសចរណ៍កម្ពុជា កាន់តែរីកចម្រើនទៅមុខមិនឈប់ឈរផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងបើកដំណើរការជើងហោះហើររបស់ខ្លួន រវាងភ្នំពេញ-សៀមរាប-ព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានសិទ្ធិធ្វើប្រតិបត្តិការហោះហើរពី ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងស្រុក៕
មតិយោបល់