បែលហ្ស៊ិកៈ មនុស្សជាង ៥ ម៉ឺននាក់ មកពីប្រទេសអាឡឺម៉ង់, ហូឡង់ និងបែលហ្ស៊ិក បាននាំប្រមូលផ្ដុំដើរកៀកដៃគ្នាជាច្រវ៉ាក់មួយ ឆ្លងកាត់ព្រំដែនចំណុចប្រសព្វនៃប្រទេសទាំងបី កាលពីថ្ងៃអាទិត្យ ដើម្បីអំពាវនាវដល់អាជ្ញាធរបែលហ្សិកឲ្យបិទរោងចក្រនុយក្លេអ៊ែរចំនួនពីរ នៅក្នុងប្រទេស។ នេះបើយើងតាមសារព័ត៌មាន ចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានបែលហ្ស៊ិក Belga បានរាយការណ៍ថា ការទាមទាររបស់ពួកគេ ត្រូវបានធ្វើទ្បើង បន្ទាប់ពីគេរកឃើញមានស្នាមប្រេះ នៅក្នុងជញ្ជាំងរោចក្រនុយក្លេអ៊ែរ Tihange 2 និង Doel 3 ។
ស្ថានីយ៍ថាមពលនុយក្លេអ៊ែរខ្នាតធំចំនួន ២ ខាងលើនេះ ត្រូវបានគេដឹងថា បានដំណើរការនៅក្នុងប្រទេសបែលហ្សិក ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៧០ មកម្លេះ ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Electrabel ជាអ្នកគ្រប់គ្រងស្ថានីយ៍ថាមពលទាំងនេះ បានឱ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែរចំនួនប្រាំពីរ កំពុងបំពេញការងារនៅបែលហ្ស៊ិក ដែលអាចផ្ដល់ការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេសបាន ៥៥%៕

មតិយោបល់