ព័ត៌មានសេដ្ឋកិច្ច

កុំបារម្ភ! រដ្ឋាភិបាលថៃ គ្មានវិធានការបណ្តេញពលករខ្មែរធ្វើការមិនស្របច្បាប់នោះទេ

កាលពីម្សិលមិញនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលថៃ ពុំមានវិធានការណាមួយ បណ្តេញពលករខ្មែរមិនស្របច្បាប់ ឲ្យចេញពីប្រទេសថៃនោះឡើយ មានតែការជួយសម្រួលឲ្យពលករខ្មែរ បំពេញបែបបទស្នើសុំឲ្យបានត្រឹមត្រូវ និងស្របច្បាប់។

យោងតាមតួលេខជំរឿនចុងក្រោយរបស់ភាគីថៃ បានឲ្យដឹងថា ពលករខ្មែរ កំពុងធ្វើការនៅប្រទេសថៃ មាន ១លាន ៥ម៉ឺននាក់ ខណៈពលករស្របច្បាប់ មានប្រមាណ ៧៥ម៉ឺននាក់ និងមិនស្របច្បាប់ នៅសល់ប្រមាណ ៣០ម៉ឺននាក់ នៅពុំទាន់មានឯកសារស្របច្បាប់។

លោក បានឲ្យដឹងទៀតថា រដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីស្តីពីការងារ ពោលគឺ ពិន័យចំពោះ ម្ចាស់ស្ថាប័នទាំងឡាយណា ដែលប្រើប្រាស់ពលករមិនស្របច្បាប់ និងពិន័យចំពោះ ពលករធ្វើការមិនស្របច្បាប់ដូចគ្នាដែរ ប៉ុន្តែច្បាប់ថ្មីនេះ នឹងត្រូវអនុវត្តនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨។

សម្រាប់ពលករខ្មែរ ៣០ម៉ឺននាក់ ដែលពុំទាន់មានឯកសារស្របច្បាប់ ត្រូវរៀបចំឯកសារស្នើសុំធ្វើការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៤ ខែកក្កដានេះ ទៅដល់ថ្ងៃទី ៧ ខែសីហា នៅតាមមន្ទីរការងារថៃ ក្នុងនោះនៅបាងកក មាន ១០កន្លែង នឹងខេត្តផ្សេងៗ មានគ្រប់កន្លែងផងដែរ។

គួរជម្រាបដែរថា ការបំពេញបែបបទស្របច្បាប់ គឺនៅមានរយៈពេល ៦ខែ រហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ដោយឡែកសម្រាប់ពលករ ដែលមិនមានឯកសារគ្រប់គ្រាន់ គឺមានរយៈពេលត្រឹមតែ ១៥ថ្ងៃ សម្រាប់ទៅចុះបញ្ជី យកលិខិតបញ្ជាក់ គឺចាប់ពីថ្ងៃទី ២៤ ខែកក្កដានេះ ទៅដល់ថ្ងៃទី ៧ ខែសីហា៕

មតិយោបល់