ភ្នំពេញៈ ឱសថចំនួន២៩មុខ នាំចូលពីប្រទេសថៃ គ្មានច្បាប់អនុញ្ញាតិ ទម្ងន់ជាង ៤តោន ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្នុងបរិវេណ ហ្គ្រេនភ្នំពេញ ផ្ទះលេខ៣២ ភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយមន្ត្រី ការិយាល័យ សុខាភិបាល រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រាប់ឲ្យដឹងថា ដោយមានការស្រាវជ្រាវរយៈពេលជាង១០ថ្ងៃ ទើបកំណត់ទីតាំងបានពិតប្រាកដ រហូតឈានដល់ការចុះបង្ក្រាបតែម្តង ដកហូតឱសថ ចំនួន២៩មុខ ដែលនាំចូលពីប្រទេសថៃ ដែលគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះទេ។
លោកបានបន្តថា ម្ចាស់ទីតាំងឈ្មោះ ខូវ សាត ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣១E0 ផ្លូវលេខ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែក ឱសថ ចំនួន ២៩មុខ ទម្ងន់៤២០០គីឡូក្រាម ស្មើរជាង៤តោន ដែលគ្មានច្បាប់អនុញ្ញាតិទាំងនោះ ក៏ត្រូវបានដឹកបញ្ជូនយកទៅធ្វើការពិសោធន៍ ដើម្បីបញ្ជាក់ថា ពិត ឬ ក្លែងក្លាយផងដដែល៕
មតិយោបល់