កាលពីម្សិលមិញនេះ រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់ជំនួយជាថវិកា ២៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អគារអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ របស់គណៈប្រតិភូវៀតណាម លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម ក៏បានស្នើសុំឲ្យប្រទេសទាំងពីរ ជម្រុញការតភ្ជាប់ឲ្យកាន់តែស៊ីជម្រៅតាមរយៈស្ថាប័នរដ្ឋ វិស័យអប់រំ យុវជន និងវិស័យសេដ្ឋកិច្ចជាដើម ពោលគឺ ធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដោយឡើងដល់ ៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២៥។
ដូចគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំដល់ភាគីវៀតណាម ជួយជម្រុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា កាន់តែច្រើន និងជម្រុញឲ្យមានកិច្ចសហការគ្នារវាងស្ថាប័ន និងអាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីទប់ស្កាត់រាល់អំពើឧក្រិដ្ឋឆ្លងដែន។
គួរជម្រាបដែរថា កាលពីម្សិលមិញនេះ ក៏មានការចុះហត្ថលេខាលើឯកសាររវាងប្រទេសកម្ពុជា-វៀតណាម ចំនួន ៥ ផងដែរលើ ការពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនី សកម្មភាពសង្រ្គោះគ្រោះមហន្តរាយ និងវិស័យទូរគមនាគមន៍កម្ពុជា៕
មតិយោបល់