ព័ត៌មានសេដ្ឋកិច្ច

បង់ក្លាដេស ព្រមព្រៀងទិញអង្ករ ២៥ម៉ឺនតោនពី កម្ពុជា

កាលពីម្សិលមិញនេះ ប្រទេសបង់ក្លាដេស ព្រមព្រៀងទិញអង្ករពី កម្ពុជា ចំនួន ២៥ម៉ឺនតោន ដែលក្នុងនោះមានអង្ករសបាក់បែកចំនួន ១០ភាគរយផងដែរ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។

កាលពីពេលថ្មីៗនេះ ប្រទេសបង់ក្លាដេស បានចុះកិច្ចព្រមព្រៀងជាមួយ ក្រសួងពាណិជ្ជកម្មកម្ពុជា លើការទិញអង្ករពីកម្ពុជា ចំនួន ១លានតោន ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧នេះតទៅ។

ពិធីចុះអនុស្សរណៈនៃយោគយល់គ្នានេះ ធ្វើឡើងរវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងស្បៀងអាហារនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលនឹងនាំមកនូវ អត្ថប្រយោជន៍ដ៏ធំធេងចំពោះវិស័យស្រូវ អង្ករកម្ពុជា។

អនុស្សរណៈនេះ ក៏មានគោលបំណងបើកច្រក និងពង្រីកការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស សំដៅត្រៀមទប់ទល់បញ្ហាកើនឡើងនៃបរិមាណស្រូវនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការចូលមកដល់នៃរដូវប្រមូលផលស្រូវនាពេលខាងមុខ។

លើសពីនេះ អនុស្សរណៈខាងលើ នឹងគ្របដណ្តប់លើប្រតិបត្តិការទិញ/លក់អង្ករទាំងអស់ ហើយនឹងត្រូវអនុវត្តន៍ដោយក្រុមហ៊ុនហ្គ្រីនត្រេដ ចំណុះឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយអគ្គនាយកដ្ឋានម្ហូបអាហារ ចំណុះឲ្យក្រសួងស្បៀងអាហារបង់ក្លាដេស។

គួររម្លឹកដែរថា ត្រឹមឆមាសទី ១ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជិត ៣សែនតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងប្រមាណ ៧.៦ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

មតិយោបល់