អាមេរិកៈ មន្រ្តីការពារជាតិទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការសាកល្បងមីស៊ីលថ្មីមួយទៀត ដោយរដ្ឋាភិបាលកូរ៉េខាងជើង អាចនឹងត្រូវធ្វើឡើងនៅក្រោមទឹក ខណៈដែលប្រទេសនេះ ហាក់ដូចជាកំពុងត្រៀមខ្លួន សម្រាប់ការបាញ់បង្ហោះវា ចេញពីនាវាមុជទឹកនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ នាវាមុជទឹកកូរ៉េខាងជើងមួយ ដែលមានប្រវែង ៦៥ ម៉ែត្រ បានបង្ហាញសកម្មភាពនៃការដាក់ពង្រាយខុសពីធម្មតា នេះបើយោងតាមមន្ត្រីអាមេរិកពីររូប សុំមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍។ នាវានោះ ត្រូវបានគេដឹងថា បានបើកចូលទៅក្នុងដែនទឹកអន្តរជាតិ ឆ្ងាយជាងកាលពីមុន ដោយបានធ្វើដំណើរចម្ងាយ ៦២ ម៉ាយ ទៅកាន់សមុទ្រនៃប្រទេសជប៉ុន។
ឥរិយាបថខុសប្រក្រតីរបស់នាវាមុជទឹកនេះ បានបណ្តាលឲ្យកងកម្លាំងកូរ៉េខាងត្បូង និងអាមេរិកបង្កើនកម្រិតជូនដំណឹង របស់ពួកគេ ខណៈដែលក្រុងវ៉ាស៊ីនតោន កំពុងបន្តពិនិត្យមើលសកម្មភាពនាវានេះបន្ថែមទៀត តាមរយៈការឈ្លបយកការណ៍៕
មតិយោបល់