សាលារៀនអន្តរជាតិ ស៊ូទូ បាយលីងហ្គល បានចំណាយដើមទុនប្រមាណ ៥៦លានដុល្លារអាមេរិក នឹងបង្រៀន ៣ភាសា ក្នុងពេលតែមួយគឺ ភាសាខ្មែរ ចិន និងអង់គ្លេស។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
លោកស្រី លឹម ឈីវហូរ អគ្គនាយិកាក្រុមហ៊ុនអ៊ែតវូដ បានឲ្យដឹងថា សាលានេះ គ្រោងនឹងដាក់ឲ្យដំណើរការ ក្នុងខែកញ្ញា ឆ្នាំ ២០១៧ខាងមុខនេះ ដោយមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាលារៀនកម្រិតអន្តរជាតិមួយនេះ មានបង្រៀន ៣ភាសាក្នុងពេលតែមួយ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ ហើយក៏មានបង្រៀនជំនាញ សម្រាប់សិស្សទៅតាមឧបនិស្ស័យរបស់សិស្សម្នាក់ៗ។
លោក ឈឹន ជឿហ៊ូ នាយកគ្រប់គ្រងសាលា បានឲ្យដឹងដែរថា ការសិក្សានៅសាលានេះ គឺធ្វើឡើងព្រមគ្នា ៣ភាសាតែម្តង ហើយសិស្សដែលបញ្ចប់កម្រិតសិក្សាថ្នាក់ទី ១២ពីសាលានេះ អាចបន្តការសិក្សានៅប្រទេសចិន អូស្រ្តាលី អង់គ្លេស អាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុបផងដែរ។
គួរជម្រាបដែរថា សាលារៀន ស៊ូទូ បាយលីងហ្គល គឺជាសាលារៀងលំដាប់អន្តរជាតិទី ១ ដែលមានការបណ្តុះបណ្តាលរហូតដល់ទី ៣ភាសាក្នុងពេលតែមួយ និងមានការបណ្តុះបណ្តាលពហុជំនាញទៀតផង៕
មតិយោបល់