ព័ត៌មានសេដ្ឋកិច្ច

តែមួយថ្ងៃ ទ្រព្យសម្បត្តិ Mark Zuckerberg កើនឡើង ៣០០០លានដុល្លារ

នៅថ្ងៃនេះ​ ទ្រព្យសម្បត្តិរបស់ស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg បានកើនឡើងប្រមាណ ៣០០០លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Bloomberg។

ការកើនឡើងនេះ ក៏ដោយសារភាគហ៊ុនរបស់ បណ្តាញសង្គមហ្វេសប៊ុក បានកើនឡើងមកជាប់លេខ ២ ក្នុងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរស័ព្ទ ខណៈ Google ជាប់ចំណាត់ថ្នាក់លេខ ១។

ទ្រព្យរបស់ Mark បានកើនដល់ ៥៩ពាន់លានដុល្លារអាមេរិក និងក្លាយជាមហាសេដ្ឋីមានជាងគេលេខ ៥ ក្នុងរបាយការណ៍មហាសេដ្ឋីរបស់ Bloomberg។

គួររម្លឹកដែរថា ភាគហ៊ុនរបស់ស្ថាបនិក Facebook លោក Mark Zuckerberg ក៏ធ្លាប់បានធ្លាក់ចុះ ៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ ដោយសារតែ ក្រុមហ៊ុន Facebook Inc. របស់គាត់ មិនអាចនឹងបន្តរក្សាកំណើនបានរហូតនោះទេ បើទោះបីជាការលក់របស់ក្រុមហ៊ុន នៅត្រីមាសទី ៣នេះ កើនឡើង ៥៦ភាគរយ ដល់ ៧ពាន់លានដុល្លារអាមេរិកក៏ដោយ។

អ្នកវិនិយោគជាច្រើនបានសម្តែងការមិនពេញចិត្ត ព្រោះប្រាក់ចំនូល និងចំនេញរបស់ក្រុមហ៊ុន Facebook មានការកើនឡើង តែក្រុមហ៊ុនបង្កើនចំណាយសម្រាប់ឆ្នាំ ២០១៧ ពីព្រោះអ្នកប្រើប្រាស់ជាច្រើន ចែករំលែកវីដេអូកាន់តែច្រើន ធ្វើឲ្យចំណាយថ្លៃបណ្តាញកាន់តែច្រើន៕

មតិយោបល់