រយៈពេលប្រមាណជា មួយសប្តាហ៍ចុងក្រោយនេះ តម្លៃជ្រូកខ្មែរ បានងើបឡើងវិញ គួរឲ្យកត់សម្គាល់ ខណៈ បញ្ហានៅតែកើតមានចំពោះ ទីផ្សារជ្រូកនៅកម្ពុជា។
តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា តម្លៃជ្រូករស់ បានកើនពីប្រមាណ ៥ពាន់រៀល ដល់ ៧ពាន់រៀលក្នុងមួយគីឡូក្រាម ដោយសារកត្តាទីផ្សារអន្តរជាតិមានការប្រែប្រួល ពោលគឺ ចិន ចាប់ផ្តើមទទួលនាំចូល សាច់ជ្រូកពី ប្រទេសវៀតណាមវិញ ជាហេតុនាំឲ្យ តម្លៃជ្រូកនៅវៀតណាមឡើងថ្លៃ។
ដូច្នេះហើយ ឈ្នួញកណ្តាល ដែលនាំចូលជ្រូក ពីវៀតណាម មកកម្ពុជា ចាប់ផ្តើមកាត់បន្ថយការនាំចូល ដោយងាកមកចាប់ជ្រូកក្នុងស្រុកវិញ ធ្វើឲ្យតម្លៃជ្រូកក្នុងស្រុក កើនឡើង។
យ៉ាងណាមិញ ទីផ្សារជ្រូកខ្មែរ នៅតែជួបប្រទះបញ្ហាមួយចំនួនពី អ្នកលក់ និងអ្នកទិញ ពោលគឺ អ្នកទិញមួយចំនួន មានការរើសអើង ដោយចាត់ទុកថា ជាជ្រូកនាំចូល ខណៈអ្នកលក់សាច់ជ្រូក យកសាច់ត្រីមកលក់ជំនួសវិញ ព្រោះចំរដូវប្រមូលផលត្រី ហើយទីផ្សារជ្រូក មិនទាន់នឹងនរ។
ចំពោះបញ្ហាខាងលើនេះ ស្ថាប័នពាក់ព័ន្ធនានា បាននិងកំពុងពិភាក្សាស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យទីផ្សារជ្រូកនៅកម្ពុជា មានសភាពនឹងនរឡើងវិញ និងកាន់តែប្រសើរឡើង។
គួរជម្រាបដែរថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងចូលរួមអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា តាមរយៈ ការផ្តល់ព័ត៌មានទីផ្សារ ជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេស ពង្រឹងសមត្ថភាពសមាជិកដើម្បីឆ្លើយតបតម្រូវសត្វក្នុងស្រុក និងសហការជាមួយស្ថាប័ននានា ដើម្បីទប់ស្កាត់ការនំាចូលខុសច្បាប់៕
មតិយោបល់