ប៉ៃលិនៈ សមត្ថកិច្ចនគរបាលប៉ៃលិន បានចុះបង្ក្រាបទីតាំងសង្វៀនភ្នាល់ជល់មាន់ទ្រង់ទ្រាយធំ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ជំណុចភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកអនុសេនីយ៍ឯក កន សារុន នាយផ្នែកនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការបង្ហាញអ្នកលេងល្បែងភ្នាល់ជល់មាន់ ចំនួន៦នាក់ ដែលកំលាំងសមត្ថកិច្ចនគរបាល បានធ្វើការបង្ក្រាបទីតាំងភ្នាល់ជល់មាន់១កន្លែង នៅចំណុចផ្ទះឈ្មោះ ដុំ ស៊ីណែត ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរជាកសិករ ស្ថិតក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ ( ស្រីម្នាក់) និងវត្ថុតាងរួមមានរថយន្តចំនួន២គ្រឿង ម៉ូតូ២០គ្រឿង មាន់ជល់ចំនួន៤ក្បាល និងសង្វៀនជល់មាន់ ចំនួន១កំប្លេ។
លោកអនុសេនីយ៍ឯក កន សារុន នាយផ្នែកនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ឈ្មោះ ឆាយ ឆន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី២ឈ្មោះ វ៉ា វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្បាលឡាន ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៣ឈ្មោះ ពេជ្រ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិវាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៤ឈ្មោះ ង៉ែត សំអាន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរអណ្តូង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៥ឈ្មោះ វ៉ាត់ អាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិគា ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី៦ឈ្មោះ ដុំ ស៊ីណែត (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកបានបន្តទៀតថា ការបង្ក្រាបទីតាំងសង្វៀនជល់មាន់ដុះស្លែមួយនេះ មានទីតាំងលំបាកព្រោះស្ថិតនៅចំណុចព្រៃក្រាស់ព័ទ្ធជុំវិញ ពេលសមត្ថកិច្ចចុះបង្ក្រាប ក៏មានការលំបាកផងដែរ តែដោយមានការបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត និងដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទើបកំលាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ផ្សេងៗនៅតាមភូមិឃុំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៕
មតិយោបល់