បច្ចុប្បន្ននេះការកើនឡើងនៃការប្រើប្រាស់រថយន្តថ្មីៗ នៅក្នុងទីផ្សារកម្ពុជា បានបើកឱកាសឱ្យក្រុមហ៊ុនប្រកបអាជីវកម្មក្នុងឧស្សាហកម្មនេះ បន្តនាំចូលនូវរថយន្ត ស៊េរីថ្មីៗបន្ថែម ស្របពេលការនាំចូលរថយន្តមួយទឹកបានធ្លាក់មកនៅត្រឹមតែ ៨០ភាគរយនៃរថយន្តសរុប។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
លោក ប្រាយ អ៊ែនខូ (Brian Ko) នាយកប្រតិបត្តិ ក្រុមហ៊ុនហ៊ីយ៉ាន់ដាខេមកូម៉ូធ័រ ខេមបូឌាបាន លើកឡើង កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ និន្នាការនៃកាប្រើប្រាស់រថយន្តថ្មីៗ នៅក្នុងទីផ្សារកម្ពុជា បាននិងកំពុងកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពីអត្ថប្រជយោន៍នៃការប្រើប្រាស់រថយន្តថ្មី គួបផ្សំនឹងសេដ្ឋកិច្ចមានភាពល្អប្រសើរ។
លោកបន្តថា បើមើលពីទីផ្សាររថយន្តជជុះ ឬរថយន្ដមួយទឹកនៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន គឺមានចំនួនខ្ពស់ខ្លាំងជាងរថយន្តថ្មីៗ ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន យ៉ាងណាក្ដី ការនាំចូលនៃរថយន្តថ្មីៗ ក៏បានកើនឡើង ១២ភាគរយផងដែរនាពេលថ្មីៗនេះ។
ជាមួយគ្នានេះដែរ ដើម្បីបង្កើនការនាំចូលរថយន្តថ្មីៗ មកទីផ្សារកម្ពុជា និងទប់ស្កាត់ការនាំចូលរថយន្ត មួយទឹកមកច្រើនពេក លោក Peter Brongers ប្រធានសហព័ន្ធ ឧស្សាហកម្មយានយន្តកម្ពុជា ធ្លាប់ដាក់សំណើទៅរាជរដ្ឋាភិបាលឱ្យកាត់បន្ថយពន្ធនាំចូល រថយន្តថ្មី និងបង្កើនពន្ធនាំចូលរថយន្តជជុះ បន្ថែមទៀត មកទីផ្សារកម្ពុជា ឱ្យស្របទៅនឹងនិន្នាការក្នុងតំបន់។
គួរបញ្ជាក់ថា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញថា ក្នុង ១ឆ្នាំៗ កម្ពុជាបាននាំចូលរថយន្ត សរុបប្រមាណ ៦ម៉ឺនគ្រឿង ប៉ុន្តែក្នុងនោះរថយន្តថ្មីៗ និងរថយន្ត ដែលនាំចូលតាមក្រុមហ៊ុនផ្លូវការ មានមិនដល់ ១០ភាគរយផង ក្រៅពីនោះ គឺជារថយន្តដែលនាំចូលក្រៅផ្លូវការ ឬហៅថារថយន្តមួយទឹក៕
មតិយោបល់