ព័ត៌មានសេដ្ឋកិច្ច

Bill Gates បាត់បង់តំណែងជា មហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតលើពិភពលោក

មហាសេដ្ឋី Bill Gates ដែលធ្លាប់តែជា មហាសេដ្ឋីលេខ១ទូទាំងពិភពលោក បានបាត់បង់តំណែងហើយ កាលពីម្សិលមិញនេះ​ ដោយមហាសេដ្ឋីលេខ ១ថ្មី គឺលោក Jeff Bezos ស្ថាបនិកគេហទំព័រ Amazon ដណ្តើមតំណែងនេះបានសម្រេច។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Bloomberg។

ទ្រព្យសម្បត្តិរបស់លោក Jeff Bezos បានកើនឡើងរហូតដល់ ៩១ពាន់លានដុល្លារអាមេរិក លើសទ្រព្យសម្បត្តិរបស់លោក Bill Gates ដែលមានត្រឹមតែ ៩០ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃនេះ។

ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោក Jeff Bezos គឺបន្ទាប់ពី ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon.com បានកើនឡើង ១.៨ភាគរយ មកដល់ ១០៧១ដុល្លារអាមេរិក កាលពីម្សិលមិញនេះ។

ប្រាក់ចំណេញរបស់ក្រុមហ៊ុន ក្នុងឆ្នាំនេះ ស្ទុះឡើងដល់ទៅ ៤០ភាគរយ ខណ:លោក Jeff Bezos កាន់កាប់ភាគហ៊ុន ១៧ភាគរយនៃភាគហ៊ុនសរុប។

គួរបញ្ជាក់ដែរថា លោក Jeff Bezos ក្លាយជាមហាសេដ្ឋីជាង ២០ឆ្នាំហើយ ដោយចាប់ផ្តើមក្នុងឆ្នាំ ១៩៩៨ ជាមួយទឹកប្រាក់ជាង ១.៦ពាន់លានដុល្លារអាមេរិក ហើយក៏ជាលើកដំបូងក្នុងជីវិតរបស់គាត់ដែរ ដែលបានក្លាយជា មហាសេដ្ឋីលេខ១ទូទាំងពិភពលោក កាលពីម្សិលមិញនេះ។

យ៉ាងណាមិញ សម្រាប់រយ:ពេល ២៣ឆ្នាំចុងក្រោយនេះ លោក Bill Gates កាន់កាប់តំណែងបានរហូតដល់ទៅ ១៨ឆ្នាំឯណោះ ពោលគឺលោក Carlos Slim នៃប្រទេសម៉ិចស៊ិក កាន់កាប់ក្នុងឆ្នាំ ២០១០ ដល់ ២០១២ ហើយលោក Warren Buffett កាន់កាប់ក្នុងឆ្នាំ ២០០៨ នឹងលោក Jeff Bezos កាន់កាប់ក្នុងឆ្នាំ ២០១៧នេះ៕

មតិយោបល់