ព័ត៌មានសេដ្ឋកិច្ច

Alibaba របស់ Jack MA ចាប់អារម្មណ៍លើវិស័យ E-Commerce នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក LI Yue ប្រធានក្រុមហ៊ុន 4PX Express Logistics (Alibaba Cainiao Group) និងលោក LI Yansheng អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន4PX និងជាប្រធានផ្នែកCross-border E-commerce Logistics Cainiao។

ជំនួបពិភាក្សានេះ មានគោលបំណងស្នើសុំអនុសាសន៍អំពី កាលានុវត្តភាពពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា ខណៈក្រុមហ៊ុន 4PX មានជំនាញឯកទេសប្រកបដោយបទពិសោធន៍ ក្នុងវិស័យភស្តុភារកម្មសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce) រយៈពេលជាង ១៣ឆ្នាំហើយ បច្ចុប្បន្នក្រុមហ៊ុនផ្តល់សេវាដល់ អតិឋិជនជាពាណិជ្ជករ ក្រុមហ៊ុន និងអង្គការ តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែនជាង ៣០ម៉ឺននាក់ឯណោះ។

លោក LI Yue បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីគោលបំណង និងចំណាប់អារម្មណ៍នៃដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការវិនិយោគនៅកម្ពុជា គោលបំណងនៃការស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្មថ្មីផងដែរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពី ការលើកទឹកចិត្តវិនិយោគដែលផ្តល់ដោយច្បាប់វិនិយោគកម្ពុជា ដែលក្នុងនោះរួមមាន៖ ការផ្តល់ជូនការអនុគ្រោះពន្ធក្នុងរយៈពេលកំណត់ ការរួចពន្ធទាំងស្រុង គ្មានការគ្រប់គ្រងលើរូបីយបណ្ណ គ្មានការដាក់កម្រិតលើការបញ្ជូនត្រឡប់នូវប្រាក់ចំណេញ និងគ្មានការដាក់កម្រិតលើម្ចាស់កម្មសិទ្ធិក្រុមហ៊ុន។

គួររម្លឹកដែរថា លោក Zhang Xiaoqin អភិបាលរងនៃតំបន់ពិសេសក្វាងស៊ី បានឲ្យដឹងថា ភាគីក្វាងស៊ី នឹងជម្រុញឲ្យក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack MA មកសិក្សា និងវិនិយោគផលិតផលទេសចរណ៍នៅកម្ពុជា ឲ្យបានឆាប់រហ័ស៕

jack-ma-reuters

មតិយោបល់