កាលពីម្សិលមិញនេះ ប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពគ្នាបើកជើងហោះហើរត្រង់និងទៀងទាត់ ពីទីក្រុងស៊ីអាន ខេត្តសាន់ស៊ី មកកាន់ព្រលានយន្តហោះទាំង ៣ របស់កម្ពុជាតែម្តង។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងទេសចរណ៍។
ក្រៅពីនេះ កម្ពុជា ក៏មានបំណងចង់បង្កើតឲ្យមាន ការរៀបចំស្ថានតំណាង ឬការិយាល័យទេសចរណ៍កម្ពុជា ប្រចាំខេត្តសាន់ស៊ី ដើម្បីជម្រុញការផ្សព្វផ្សាយ និងសម្រួលដល់ភ្ញៀវទេសចរទាំងពីរ ដែលចង់ទៅមកទស្សនាកម្ពុជា នឹងចិន។
លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ី បានលើកឡើងថា តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ កំពុងតែទាក់ទាញ និងមានសក្តានុពលខ្ពស់ក្នុងការវិនិយោគលើវិស័យទេសចរណ៍ ហើយក៏គ្រោងនឹងបើកជើងហោះហើរត្រង់មកកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
ភាគីកម្ពុជា និងខេត្តសានស៊ី នឹងបន្តការពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញលើកទឹកចិត្ដដល់ វិនិយោគិនឲ្យមករកស៊ី និងវិនិយោគលើវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទូរគមនាគមន៍ អគ្គិសនី កសិកម្ម និងប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ២.៦៦លាននាក់ ក្នុងកំណើន ១២.៨% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ៥៣ម៉ឺននាក់ ក្នុងកំណើន ៣៩.៩% ឈរលំដាប់ទី ១ នៃទីផ្សារសំខាន់ៗទាំង ១០៕
មតិយោបល់