ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ជម្រុញជប៉ុន វិនិយោគលើការអភិវឌ្ឍន៍ តំបន់ព្រៃកោងកាង ខេត្តកោះកុង

កម្ពុជា បានជម្រុញ ជប៉ុន ឲ្យមកវិនិយោគលើតំបន់ព្រៃកោងកាង ខេត្តកោះកុង ឲ្យក្លាយជាផលិតផលទេសចរណ៍ថ្មី ដ៏គួរឲ្យទាក់ទាញ។ នេះបើយោងតាមគេហទំព័រក្រសួងទេសចរណ៍ ចេញផ្សាយកាលពីម្សិលមិញនេះ។

កាលពីថ្ងៃទី ១៦ ខែធ្នូ កន្លងទៅនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោក Hidehisa Horinouchi ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន។

លោក ថោង ខុន ក៏បានបង្ហាញពីសក្តានុពលទេសចរណ៍នៃតំបន់ព្រៃកោងកាង ខេត្តកោះកុង ដែលជាតំបន់មិនទាន់មានការអភិវឌ្ឍន៍ជាក់លាក់ត្រឹមត្រូវនៅឡើយ ហើយស្នើឲ្យភាគីជប៉ុនពិនិត្យលទ្ធភាពពង្រីកសក្តានុពលទេសចរណ៍ក្នុងតំបន់នេះ វិនិយោគបន្ថែមផ្នែកសណ្ឋាគារ ផ្ទះទី២(Second Home) និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ។

ជាការឆ្លើយតប ភាគីជប៉ុន បានគាំទ្រនូវការលើកឡើងនេះ និងបានសន្យាជម្រុញភ្ញៀវទេសចរណ៍ជប៉ុនមក កម្ពុជាឲ្យបានកាន់តែច្រើនឡើងថែមទៀត។

គួរបញ្ជាក់ដែរថា ក្រោយពេលកម្ពុជា ដាក់ដំណើរការជើងហោះហើរត្រង់កម្ពុជា-ជប៉ុន លំហូរទេសចរណ៍ពីជប៉ុនមកកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ប្រមាណ ១សែន៥ម៉ឺននាក់ គិតត្រឹម ១០ខែ ឆ្នាំ ២០១៦នេះ នឹងរំពឹងកើនដល់ ៣សែននាក់ ត្រឹមឆ្នាំ ២០២០៕

មតិយោបល់