កាលពីម្សិលមិញនេះ គណៈប្រតិភូថៃដឹកនាំដោយលោក Seksan Ruangwohan នាយកប្រតិបត្តិ ផ្នែកវិនិយោគប្រព័ន្ធសេដ្ឋកិច្វប្រទេសថៃ ចូលជួបពិភាក្សាការងារ ស្តីពីពាណិជ្ជកម្ម ជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងសិក្សាអំពីសក្តានុពល នៃការធ្វើពាណិជ្ជកម្ម និងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគទុននៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងខេត្តកំពត។
លោក Seksan Ruangwohan បានបន្តថា គណៈប្រតិភូថៃមកទស្សនកិច្ចខេត្តព្រះសីហនុមាន ២ផ្នែកគឺ៖ ក្រុម CDC ប្រទេសថៃ និងសភាធុរកិច្ចថៃ-កម្ពុជា ដែលមានក្រុមហ៊ុនចំនួន ៣០ ក្នុងគោលបំណងសិក្សា ឈ្វេងយល់ពីសក្តានុពលវិនិយោគ នៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុនថៃ ចង់មកធ្វើការវិនិយោគ ផ្នែកចំណីសត្វ និងការចិញ្ចឹមសត្វនៅខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ គណៈប្រតិភូថៃ ដែលបានមកទស្សនកិច្ចឈ្វេងយល់ការវិនិយោគ នៅខេត្តព្រះសីហនុ ដែលខេត្តជាបំពង់កសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មានកំពង់ផែទឹកជ្រៅ ដែលមានទំនិញ នាំចេញនាំចូលនិងមានកុងតឺន័រឆ្លងកាត់ ៧២ភាគរយ។
ឯកឧត្តម យន្ត មីន បន្តថា ខេត្តព្រះសីហនុ មានសក្តានុពលតំបន់ឆ្នេរ ម្យ៉ាងទៀត ឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរស្អាតនៅឆ្នាំ២០១១ ដោយមានកោះចំនួន ៣២ ជាប្រភពធនធានធម្មជាតិ ដ៏សម្បូរបែប នាំមកនូវទេសចរប្រមាណ ២លាននាក់នៅឆ្នាំ២០១៧ ពិសេសការវិនិយោគនៅខេត្ត ព្រះសីហនុមានការអភិវឌ្ឍ ល្បឿនលឿន។
ខេត្តព្រះសីហនុ មានកោះរ៉ុង និងប្រជុំកោះជាច្រើនទៀត និងមានផ្កាថ្មស្អាត អាស្រ័យដោយខេត្តមានធនធានធម្មជាតិ ក្លាយជាគោលដៅវិនិយោគ និងទេសចរយ៉ាងសំខាន់ មានកំពង់ផែទឹកជ្រៅ ដែលមានកុងតឺន័រឆ្លងកាត់ប្រមាណ ៧២ភាគរយ ខេត្តព្រះសីហនុមានសន្តិសុខ សុវត្ថិភាពល្អ សម្រាប់អ្នកវិនិយោគ និងទេសចរ៕
មតិយោបល់