ព័ត៌មានសេដ្ឋកិច្ច

ព្រលានយន្តហោះសៀមរាបថ្មី តម្លៃ៩០០លានដុល្លារ គ្រោងសាងសង់នៅឆ្នាំក្រោយ

ព្រលានយន្តហោះសៀមរាបថ្មី ចំណាយប្រមាណ​ ៩០០លានដុល្លារអាមេរិក គ្រោងនឹងសាងសង់នៅឆ្នាំក្រោយ លើផ្ទៃដី ៧០០ហិកតា ដែលស្ថិតនៅ ស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីតំបន់អង្គរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ កាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅ ហើយជាការឆ្លើយតប ក្រុមហ៊ុនចិន Yunnan Investment Holding គ្រោងនឹងចំណាយពេល ៣ឆ្នាំ ដើម្បីសាងសង់ជំហានទី ១។

កាលពីពេលថ្មីៗនេះ​ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរស៊ីវិល បានឲ្យដឹងថា គម្រោងព្រលានយន្តហោះនៅខេត្តសៀមរាប កំពុងស្ថិតក្រោមការចចារ ដោះស្រាយលើបញ្ហាបច្ចេកទេស បន្ទាប់ពីមានការឯកភាពគ្នារួចមកហើយ រវាងក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាលកម្ពុជា។

អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប នឹងអាចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជម្រុញឲ្យមានការហោះហើរត្រង់មកកម្ពុជា មកទស្សនាប្រាសាទអង្គរវត្តដ៏ទាក់ទាញបំផុត។

លើសពីនេះទៅទៀត ការសាងសង់ព្រលានយន្តហោះថ្មី ចម្ងាយឆ្ងាយពីតំបន់ប្រាសាទ គឺអាចការពារផលប៉ះពាល់ដោយសម្ពាធសំឡេង ដែលអាចប៉ះពាល់ដល់ប្រាសាទនានាផងដែរ៕

មតិយោបល់