យើងទាំងអស់គ្នាដឹងហើយថា ស្នាមញញឹមប្រកបទៅដោយភាពទាក់ទាញ គឺអាស្រ័យទៅលើធ្មេញសស្អាតផងដែរ។ ប៉ុន្តែមនុស្សភាគច្រើនតែងតែ បណ្តោលឲ្យធ្មេញដុះស្នឹមក្លាយទៅជាពណ៌លឿង ទើបរត់រកគ្រូពេទ្យដើម្បីសម្អាតចេញ។ ទោះជាយ៉ាងណា ក្រៅពីទៅរកពេទ្យធ្មេញ នៅមានវិធីធម្មជាតិ៣យ៉ាងទៀត ក៏អាចជួយខាត់ធ្មេញឲ្យសស្អាតដូចបំណងបានដែរ ហើយងាយស្រួលក្នុងការអនុវត្តបំផុត។
ធ្យូង
ការប្រើធ្យូង គឺជាវិធីធម្មជាតិមួយបែបដែលមានភាពងាយស្រួល ហើយមិនចាំបាច់ចំណាយប្រាក់ច្រើនឡើយ។ អ្នកគ្រាន់តែយកធ្យូងមួយដុំតូចមកកម្ទេចឲ្យម៉ត់ក្លាយទៅជាម្សៅ បន្ទាប់មករោយលើច្រាស់ដុសធ្មេញ ហើយដុសដូចប្រើថ្នាំដុសធ្មេញធម្មតា។ បន្ទាប់ពីដុសសម្អាតសព្វកន្លែង អ្នកត្រូវប្រើទឹកខ្ពុរមាត់ចេញឲ្យបានស្អាតជាការស្រេច។ ដើម្បីឆាប់ទទួលបានលទ្ធផល អ្នកត្រូវព្យាយាមអនុវត្តយ៉ាងហោចណាស់ មួយសប្តាហ៍៣ដង។
ម្សៅសូដា និងទឹកក្រូចឆ្មារ
រោយម្សៅសូដា នៅលើច្រាស់ ហើយបន្ថែមទឹកក្រូចឆ្មារពីរបីដំណក់ពីលើ។ ធ្វើការដុសឲ្យសព្វកន្លែង ទើបលាងសម្អាតមាត់ធ្មេញដោយប្រើទឹកធម្មតា ក៏ប៉ុន្តែអ្នកមិនត្រូវប្រើញឹកញាប់ពេកនោះទេ គឺត្រឹមតែមួយដងក្នុងមួយសប្តាហ៍បានហើយ។
ម្សៅទឹកដោះ និងថ្នាំដុសធ្មេញ
ម្សៅទឹកដោះគោ អាចជួយឲ្យធ្មេញរបស់អ្នកសស្អាត ហើយមានសុខភាពល្អ។ ច្របាច់ថ្នាំដុសធ្មេញដែលអ្នកប្រើរាល់ថ្ងៃដាក់លើច្រាស់បន្តិច បន្ទាប់មករោយម្សៅទឹកដោះគោពីលើ។ ចាប់ផ្តើមដុសធ្មេញថ្នមៗឲ្យសព្វកន្លែង ទើបលាងសម្អាតដោយប្រើទឹកធម្មតា។ ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកត្រូវព្យាយាមអនុវត្តយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍៕
ប្រភពៈ brightside
មតិយោបល់