ឥណ្ឌាៈ ការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌា និងចិននៅតំបន់ជម្លោះមួយ ស្ថិតនៅភ្នំហិម៉ាឡៃយ៉ា បានបង្កើនភាពតានតឹងកាន់តែខ្លាំងទ្បើង ក្នុងអំទ្បុងរយៈពេលដ៏វែង មួយខែកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
មន្ត្រីការពារជាតិឥណ្ឌាម្នាក់ នៅក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយថា «កងទ័ពចិនបានគប់ដុំថ្ម ទៅលើទាហានឥណ្ឌា នៅក្បែរបឹង Pangong ជាកន្លែងទាក់ទាញទេសចរដ៏សំខាន់មួយ នៅក្នុងតំបន់ភ្នំដ៏ស្អាត Ladakh កាលពីថ្ងៃអង្គារ»។
ប្រភពដដែរបានបន្ថែមថា ទាហានចិនបានព្យាយាមចូលមកទឹកដីឥណ្ឌាចំនួនពីរដងហើយ ប៉ុន្តែត្រូវបានបង្ខំឲ្យត្រឡប់ទៅវិញ។
ការប្រឈមមុខគ្នានេះ ត្រូវបានដោះស្រាយភ្លាមៗផងដែរ បន្ទាប់ពីភាគីឥណ្ឌា និងចិន បានដកកងកម្លាំងរៀងៗខ្លួន ចេញទីតាំងប្រឈមនោះ។
គួរបញ្ជាក់ដែរថា ប៉ូលិសរដ្ឋ Jammu និង Kashmir ភាគខាងជើងឥណ្ឌា ដែលមានទីតាំងនៅ Ladakh បានឲ្យដឹងថា ជាទូទៅការប៉ះទង្គិចគ្នានេះ តែកើតមានទ្បើងនៅតាមបណ្តោយព្រំដែនជាក់ស្ដែង ដែលគេស្គាល់ថា ជាខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងពិតប្រាកដ (LAC) រវាងប្រទេសទាំងពីរ មិនធ្លាប់បានបោះបង្គោលផ្លូវការនៅឡើយ ថ្វីបើពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរក្សាសន្តិភាព ចាប់តាំងពីតំបន់ព្រំដែននោះ បានកើតមានសង្គ្រាមឥណ្ឌា និងចិនមួយរយៈពេលខ្លីកាលពីឆ្នាំ១៩៦២៕
មតិយោបល់